ធ្លាប់​សរសេរ​អញ្ចឹង​ទេ?

wrong independent vowel

“ឫស្សី” សរសេរ​ខុស​ជា “ឬស្សី” នៅតាម​ដង​វិថី​ក្នុង​ក្រុង​ភ្នំពេញ តែហាក់​គ្មាន​អ្នក​អើពើ!

សព្វថ្ងៃការប្រើប្រាស់ភាសាខ្មែរលើបណ្ដាញកុំព្យូទ័រនិងទូរសព្ទមានការកើនឡើងគួរឱ្យកត់សម្គាល់។ ឯកសារស្រាវជ្រាវនាឆ្នាំ២០១៦របស់ វិទ្យាស្ថានបើកទូលាយ (Open Institute) ស្ដីពី “ការប្រើប្រាស់អ៊ីនធើណិតនិងទូរសព្ទដៃនៅប្រទេសកម្ពុជា” បង្ហាញថា៩៦%នៃប្រជាជនកម្ពុជាមានទូរសព្ទផ្ទាល់ខ្លួនប្រើ ហើយ៧៦%នៃប្រជាជនកម្ពុជាមានទូរសព្ទដៃដែលអាចប្រើប្រាស់ភាសាខ្មែរបាន (ពោលគឺកើនឡើង២១%ធៀបនឹងទិន្នន័យកាលពីឆ្នាំកន្លងទៅ)។ ចំណែកឯលទ្ធភាពប្រើប្រាស់អ៊ីនធើណិតមាន៤៨% ប្រមាណជាពាក់កណ្ដាលនៃចំនួនប្រជាជនសរុប(ជាង១៥លាននាក់)។ ឯកសារដដែលនេះបានបង្ហាញថា ការសរសេរភាសាខ្មែរលើទូរសព្ទដៃកើនឡើងពី១៣% (នាឆ្នាំ២០១៣) ទៅ៣៨% (នាឆ្នាំ២០១៦)។ តើ​នេះ​ជា​សញ្ញា​ណ​ល្អ​នៃ​ការ​ប្រើប្រាស់​ភាសាខ្មែរ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​កុំព្យូទ័រ​ឬ​យ៉ាង​ណា?

ជាការពិតណាស់ដែលថាទូរសព្ទដៃទំនើបៗ សព្វថ្ងៃមានមុខងារដែលអាចឱ្យអ្នកប្រើប្រាស់អាននិងសរសេរភាសាខ្មែរបានដោយប្រើប្រាស់ក្ដារចុចដ៏សម្បូរបែប ប៉ុន្តែបញ្ហាមួយចំនួនដែលចេះតែកើតឡើងជារឿយៗនោះគឺ កំហុសអក្ខរាវិរុទ្ធ ទាំងដោយចេតនាឬអចេតនា។ កំហុសទាំងនេះមិនសំដៅទៅលើការប្រកបរាយព្យាង្គ/តម្រួតព្យាង្គ(ឧទាហរណ៍៖ សំរាប់/សម្រាប់)ទេ តែវាទាក់ទងនឹងការធ្វេសប្រហែសរបស់អ្នកសរសេរដែលបានមើលរំលងចំណុចគន្លឹះបច្ចេកទេស ពោលគឺរបៀបវាយខ្មែរយូនីកូដឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត។ ក្បួនខ្នាតនោះខុសពិីការសរសេរដោយដៃ និយាយឱ្យចំ យើងរាល់គ្នាមិនអាចសរសេរអក្សរណាមុនក៏បានតាមចិត្តចង់ ហើយក៏មិនមែនចេះតែផ្សំតួអក្សរបញ្ចូលគ្នាឱ្យតែមើលទៅស្រដៀងនឹងអ្វីដែលចង់បាន គឺបានហើយ នោះក៏ទេដែរ។ នៅក្នុងកម្មវិធីខ្មែរយូនីកូដ តួអក្សរត្រូវបានគេដាក់នៅលើគ្រាប់ចុចនីមួយៗរបស់ក្ដារចុច ដូច្នេះហើយយើងត្រូវតែមានការប្រុងប្រយត្នខ្ពស់ពេលវាយពាក្យខ្មែរ បើមិនដូច្នោះទេ ពាក្យដែលយើងវាយនឹងមិនត្រឹមត្រូវឡើយ (សូមមើលឧទាហរណ៍ក្នុងតារាងតាមចំណុចខាងក្រោម)។

ជាក់ស្ដែង មិនថាសំណេរលើវែបសាយព័ត៌មានឬ បណ្ដាញហ្វេសប៊ុកបុគ្គលទេ សំណេរដែលមិនត្រឹមត្រូវត្រូវបានគេចែកចាយបន្តឱ្យគ្នា ជាហេតុធ្វើមនុស្សម្នាកាន់តែច្រើនយកគំរូតាមការប្រកបដែលខុសនោះ។ ផ្អែកលើបទពិសោធន៍ការងារផ្នែកភាសាវិទ្យា ខ្ញុំសូមលើកយកចំណុចដែលជាបញ្ហាមួយចំនួនដែលខ្ញុំធ្លាប់ជួបប្រទះមកបង្ហាញដើម្បីជួយដាស់ស្មារតីនិងកាត់បន្ថយកំហុស៖

១. យុគ្គលពិន្ទុ (ៈ) និង ចុចពីរ (:)

សញ្ញា​ទាំង​ពីរ​នេះ​មើល​ទៅ​ដូច​គ្នាពេល​គេ​ផ្គុំ​វា​ជា​មួយ​ព្យញ្ជនៈ តែ​វា​ខុស​គ្នា​ស្រឡះ។ យុគ្គលពិន្ទុ​ជា​របស់​ខ្មែរ ចំណែក​ឯ​ចុច​ពីរ​ជា​របស់​ឡាតាំង។ ដូច្នេះ​ យើង​ត្រូវ​ប្រើ​វា​ឱ្យ​ត្រូវ​តាម​មុខងារ​របស់​វា! ជាងនេះទៅទៀតមានការប្រើប្រាស់ខុសជាច្រើនអន្លើអំពីការប្រើយុគ្គលពិន្ទុ ឧទាហរណ៍ “លក្ខណៈ” ត្រូវបានគេសរសេរជា “លក្ខណះ” ក៏មាន។

 

ការភ័ន្តច្រឡំ ឧទាហរណ៍ បន្សំតួត្រូ​វ បន្សំតួ​ខុស
យុគ្គលពិន្ទុ (ៈ) និង
ចុចពីរឡាតាំង (:) និង ស្រៈ (ះ)
រយៈ រ យ ៈ (រយៈ) រ យ : (=រយ:)
លក្ខណៈ ល ក ្ ខ ណ ៈ (=លក្ខណៈ) ល ក ្ ខ ណ : (=លក្ខណ:)

ល ក ្ ខ ណ ះ (=លក្ខណះ)

២. ជើងព្យញ្ជនៈស្រដៀងៗគ្នា

ជើង​ព្យញ្ជនៈ​ខ្លះ​មាន​លក្ខណៈស្រដៀង​គ្នា ឬ ដូច​គ្នា​តែ​ម្ដង សូម​មើល​ឧទាហរណ៍​ខាង​ក្រោម៖

ការភ័ន្តច្រឡំ ឧទាហរណ៍ បន្សំតួត្រូ​វ បន្សំតួ​ខុស
ជើង ត (្ត) និង
ជើង ដ (្ដ)
ស្ដាំ

ក្ដី

ស ្ ដ ាំ (=ស្ដាំ)

ក ្ ដ ី (=ក្ដី)

ស ្ ត ាំ (ស្តាំ)

ក ្ ត ី (ក្តី)

ជើង ច (្ច) និង
ជើង ជ (្ជ)
បញ្ជាក់ ប ញ ្ ជ ា ក ់ (=បញ្ជាក់) ប ញ ្ ច ា ក ់ (=បញ្ចាក់)
ជើង ថ (្ឋ) និង
ជើង ធ (្ធ)
រដ្ឋ

សិទ្ធិ

រ ដ ្ ឋ (=រដ្ឋ)

ស ិ ទ ្ ធ ិ (=សិទ្ធិ)

 

រ ដ ្ ធ (=រដ្ធ)

ស ិ ទ ្ ឋ ិ (=សិទ្ឋិ)

ជើង ង (្ង) និង
ជើង ញ (្ញ)
ខ្ញុំ

 

ខ ្ ញ ុំ (=ខ្ញុំ) ខ ្ ង ុំ (=ខ្ងុំ)
ជើង ក (្ក) និង
ជើង គ (្គ)
ស្គាល់

ស្កាល់

ស ្ គ ា ល ់ (=ស្គាល់) ស ្ ក ា ល ់ (=ស្កាល់)
ជើង ស (្ស) និង
ជើង យ (្យ)
ពាក្យ ព ា ក ្ យ (=ពាក្យ)

 

ព ា ក ្ ស (=ពាក្ស)

៣. ស្រៈ

ស្រៈ​ខ្លះ​អាច​ធ្វើ​ឱ្យមាន​ការ​មិន​ស៊ីសង្វាក់​គ្នាក្នុង​ចំណោម​អ្នក​ប្រើប្រាស់ ពេល​ខ្លះ​គេ​ផ្សំ​បញ្ចូល​គ្នា​តាម​ចិត្ត​ដោយ​មិន​បាន​គិតថា​មួយ​ត្រឹមត្រូវ មួយ​ណា​មិន​ត្រឹម​ត្រូវ​ទេ។ និយាយ​ឱ្យ​ចំ​គឺ​ឱ្យ​តែ​អាន​រួច​គឺ​ជា​ការ​ស្រេច។ នេះ​ហើយ​ជា​បញ្ហា។ ឧទាហរណ៍​ខាងក្រោម​បង្ហាញ​ថា ស្រៈ “ំ” និង​ស្រៈ “ះ” គួរ​តែ​ដាក​បន្ទាប់​ពី​ស្រៈ​ផ្សេង​ទៀត​ដែល​វា​ផ្សំ​ជាមួយ ពោលគឺ ស្រៈ “ុ ា ោ”។ ចំណែក​ឯ​ស្រៈ “ោ” និង ស្រៈ “ើ” មិន​ត្រូវ​ប្រើ​ផ្សំ​គ្នា​រវាង ស្រៈ​ “េ” និង ស្រៈ “ា” ឬ ស្រៈ “ី” ឡើយ។

ការភ័ន្តច្រឡំ ឧទាហរណ៍ បន្សំតួត្រូវ បន្សំតួខុស
ស្រៈ ុំ កុំ ក ុ ំ (=កុំ) ក ំ ុ (=កំុ)
ស្រៈ ាំ ចាំ ច ា ំ (=ចាំ) ច ំ ា (=ចំា)
ស្រៈ ោ សោ ស ោ (=សោ)

 

ស េ ា (=សេា)

ស ា េ (=សាេ)

ស្រៈ ោះ កោះ ក ោ ះ (=កោះ)

 

ក េ ា ះ (=កេាះ)

ក ា េ ះ (=កាេះ)

ស្រៈ ើ តើ ត ើ (តើ) ត េ ី (=តេី)

ត ី េ (=តីេ)

៤. ការផ្គុំអក្សរខុស

ដូច​ចំណុច​ទី​៣​ដែរ ជំនួស​ឱ្យ​ការ​ស្វែងរក​តួ​អក្សរ​ដែល​ត្រឹមត្រូវ អ្នក​ប្រើប្រាស់​បែរ​ជា​យក​ព្យញ្ជនៈ​ផ្សំ​និង​ជើង​ដើម្បី​ឱ្យ​ចេញ​ជា​តួ​អក្សរ​ដែល​គេ​ចង់​បាន។ ឧទាហរណ៍ អក្សរ “ឡ” គេ​បែរ​ជា​យក​អក្សរ “ទ” មក​ផ្សំ​និងជើង “្ប” ដើម្បី​បាន​ជា “ទ្ប” តែ​នេះ​មិន​មែន​ជា​អក្សរ “ឡ” នោះ​ទេ។ សូម​មើល​ឧទាហរណ៍​ផ្សេង​ទៀត​ខាង​ក្រោម!

ឧទាហរណ៍ បន្សំតួត្រូវ បន្សំតួខុស
ឰ (តែ​មួយ​តួគត់) ព ្ ធ (=ព្ធ)
ឡ (តែ​មួយ​តួ​គត់) ទ ្ ប (=ទ្ប)

 

ឫ (តែ​មួយ​តួ​គត់) ប ្ ញ (=ប្ញ)

 

ឭ (តែ​មួយ​តួ​គត់) ព ្ ញ (=ព្ញ)
ញ (តែ​មួយ​តួ​គត់) ព ា ្ ញ (=ពា្ញ)
ព ្ ញ ា (=ព្ញា)

៥. ស្រៈពេញតួស្រដៀងៗគ្នា

  • “ឫ” និង “ឬ”
    1. ឬកពារ (ខុស) ឫកពារ (ត្រូវ)
    2. ឬស្សី (ខុស) ឫស្សី (ត្រូវ)
  • “ឭ” និង “ឮ”
    1. រឮក (ខុស) រឭក (ត្រូវ)
    2. ពញាឭ (ខុស) ពញាឮ (ត្រូវ)
  • “ឧ” “ឱ” “ឪ” និង “ឳ”
    1. ឧពុក (ខុស)
      ឱពុក (ខុស)
      ឳពុក (ខុស) ឪពុក (ត្រូវ)
    2. ឳកញ៉ា (ខុស)

ឱកញ៉ា (ខុស) ឧកញ៉ា (ត្រូវ)

បញ្ហាទាំងនេះប្រហែលជាកើតឡើងដោយសារមហាជនមិនបានស្វែងយល់ឬអានសេចក្ដីណែនាំពីរបៀបវាយពាក្យខ្មែររបស់យូនីកូដខ្មែរ។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកប្រើប្រាស់ភាសាខ្មែរលើប្រព័ន្ធកុំព្យូទ័រក្ដី ទូរសព្ទក្ដី សូមមេត្តាជៀសវាងនូវកំហុសដែលបានរៀបរាប់ខាងលើ ហើយសរសេរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត។ បើ​មិន​ដូច្នោះ​ទេ អក្ខរាវិរុទ្ធ​ភាសាខ្មែរ​នឹង​ច្របូកច្របល់ ហើយ​បង្ករ​ការលំបាក​ដល់​ការ​អភិរក្ស​និង​អភិវឌ្ឍ​ភាសា​ខ្មែរ​យើង។ ការ​ចេះ​តែ​ប្រើ​តាម​គ្នា​នាំ​ឱ្យ​បញ្ហា​នេះកាន់តែ​យ៉ាប់ទៅៗ តួយ៉ាង​ការ​ប្រកប​ពាក្យ “អូរឬស្សី” (ពាក្យ​ខុស) មាន​ច្រើន​ជាង “អូរឫស្សី” (ពាក្យ​ត្រូវ) ទៅ​ទៀត នេះ​បើ​មើល​លើ​តួលេខ​នេះ​ការ​ស្វែង​រក​ក្នុង​ហ្គូហ្គល។ និយាយ​ឱ្យ​ចំ នៅ​ក្នុង​ហ្គូហ្គល គេរក​ឃើញលទ្ធផលសម្រាប់​ការ​ស្វែង​រកពាក្យ “អូរឬស្សី” (ពាក្យ​ខុស) ដល់​ទៅ ២៣៧ ០០០ ខណៈ​លទ្ធផល​សម្រាប់​ពាក្យ “អូរឫស្សី” (ពាក្យត្រូវ) វិញ មាន​តែ ៣៣ ៨០០។ គំលាត​ដ៏​ធំ​នេះ​គឺ​បណ្ដាល​មក​ពី​មហាជន​យល់​ច្រឡំ​ថា​ពាក្យ​ខុស​ជា​ពាក្យ​ត្រូវទើប​នាំ​គ្នា​ប្រើច្រើន​យ៉ាង​នេះ​នៅ​លើ​បណ្ដាញ​អ៊ីនធើណេត។

ម្យ៉ាងវិញទៀត អ្វីដែលមិនអាចប្រកែកបាននោះគឺក្ដារចុចសព្វថ្ងៃពិបាកប្រើណាស់សម្រាប់អ្នកដែលមិនធ្លាប់ប្រើខ្មែរយូនីកូដនៅក្នុងកំព្យូទ័រ ព្រោះថាគេពិបាករាវរកតួអក្សរដេលគេចង់វាយ ហើយណាមួយទៀតវាត្រូវការពេលវេលាយូរដើម្បីវាយបានមួយពាក្យ។ និយាយឱ្យចំ អ្នកទើបនឹងប្រើទូរសព្ទមិនអាចស្មានឬចាំបានភ្លាមៗទេ ថាតួអក្សរណានៅត្រង់ណាឬលើគ្រាប់ចុចមួយណា ឱ្យតែឃើញស្រដៀងៗ ប្រហែលៗ ក៏ចុចយកតែម្ដង។ ហេតុដូច្នេះហើយបានជាមានកំហុសអក្ខរាវិរុទ្ធជាច្រើននៅលើអ៊ីនធើណិត(ជាពិសេសហ្វេសប៊ុកតែម្ដង)។ ប្រសិនបើអ្នក​ប្រើប្រាស់​ភាសាខ្មែរ​រាល់​គ្នា​បាន​ស្វែង​យល់​ពី​ចំណុច​ដែល​បាន​រៀបរាប់​ខាង​លើ ហើយ​បើ​មានក្ដារចុចមួយដែលអាចជួយសម្រួលដល់ការស្វែងរកគ្រាប់ចុចដែលគេចង់វាយនិងអាចកែកំហុសអក្ខរាវិរុទ្ធដែលបានរៀបរាប់ខាងលើដោយស្វ័យប្រវត្តិតែម្ដង នោះកំហុសអក្ខរាវិរុទ្ធនឹងថយចុះ ហើយគេអាចសន្និដ្ឋានបានថាក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតអត្ថបទជាភាសាខ្មែរនៅលើបណ្ដាញអ៊ីនធើណិតទាំងមូលដែលមានភាសាខ្មែរនឹងលែងមានកំហុសអក្ខរាវិរុទ្ធទៀតហើយ៕

អំពី​អក្សរ ឬ​អក្ខរៈ

អក្សរ តាម​ពាក្យ​សំស្រ្កឹត មាន​ន័យ​ថា ទន់​ភ្លន់​ អាច​បត់​បែន​បាន អាច​យក​ទៅ​ច្នៃ​បាន តាម​ការ​ផ្សំ​ជា​មួយ​ស្រៈ តាម​ការ​​ប្រកប​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ឬ​តាម​ការ​ផ្សំ​ជា​មួយ​ជើង​អក្សរ​ណា​មួយ ។

អក្សរ ​ឬ​អក្ខរៈ អាច​ហៅ​បាន​ម្យ៉ាង​ទៀត​ថា “វណ្ណៈ” មាន​ចែក​ជា​បី​ក្រុម​គឺ ៖
១-ព្យញ្ជនៈ មាន ៣៣ តួ ។
២-ស្រៈ​ពេញ​តួ ១២ តួ ។
៣-ស្រៈ​និស្ស័យ​ពី​មុន​​មាន ២១ តែ​ត្រូវ​បន្ថែម ៧ ទៀត​បាន​ទៅ​ជា​ ២៨​ តួ បើ​គិត​ទាំង​សំឡេង ។ តែ​បើ​គិត​តែ​រូប​មាន​ ២៧ តួ ព្រោះ​​ស្រៈ (អ) មាន​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​ឃោសៈ​ទាំង​អឃោសៈ ។

១-​ព្យញ្ជនៈ
ព្យញ្ជនៈ​ទាំង​ ៣៣​ តួ ត្រូវ​រាប់​តាម​លំដាប់​ពី​ដើម​ដល់​ចប់៖
ក​ខ​គ​ឃ​ង
ច​ឆ​ជ​ឈ​ញ
ដ​ឋ​ឌ​ឍ​ណ
ត​ថ​ទ​ធ​ន
ប​ផ​ព​ភ​ម
យ​រ​ល​វ​ ស​ហ​ឡ​អ

២-ជើង​ព្យញ្ជនៈ
ព្យញ្ជនៈ​ប្រៀប​បាន​នឹង​មនុស្ស​ដែរ​ គឺ​មាន​សក់ (៊) មាន​តួ​ខ្លួន (ក) ​មាន​ជើង (្ក) ។ រូប​នៃ​ជើង​ព្យញ្ជនៈ​មាន​ទ្រង់​ទ្រាយ​ដូច​គ្នា​នឹង​តួ​អង្គ​ព្យញ្ជនៈ​ដែរ ប៉ុន្តែ​គ្រាន់​តែ​តូច​ជាង​តួ និង​ពុំ​មាន​”សក់”ទេ ។ ខាង​ក្រោម​នេះ គឺ​ជើង​ព្យញ្ជនៈ (Consonnes souscrites)​ ។
្ក ្ខ ្គ ្ឃ ្ង , ្ច ្ឆ ្ជ ្ឈ ្ញ , ្ដ ្ឋ ្ឌ ្ឍ ្ណ , ្ត ្ថ ្ទ ្ធ ្ន ​, ្ប ្ផ ្ព ្ភ ្ម , ្យ ្រ ្ល ្វ ្ស ្ហ ្ឡ ្អ
របៀប​សរសេរ ជើង​ព្យញ្ជនៈ ភ្ជាប់​ជា​មួយ​តួ​ព្យញ្ជនៈ ដូច​ខាង​ក្រោម​ ៖
ក្ខ​ខ្ខ​គ្គ​ឃ្ឃ​ង្ង ច្ច​ឆ្ឆ​ជ្ជ​ឈ្ឈ​ញ្ញ ដ្ត​ឋ្ឋ​ឌ្ឌ​ឍ្ឍ​ណ្ណ ត្ត​ថ្ថ​ទ្ទ​ធ្ធ​ន្ន ប្ប​ផ្ផ​ព្ព​ភ្ភ​ម្ម យ្យ​រ្រ​ល្ល​វ្វ​ ស្ស​ហ្ហ​ឡ្ឡ​អ្អ

៣-ស្រៈពេញ​តួ
អ្នក​ប្រាជ្ញ​ជំនាន់​មុន​ចែង​ថា ស្រៈ​ពេញ​តួ​មាន ១៥ តួ ដោយ​រាប់​យក​ អ អា មក​បញ្ចូល​ផង ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​បច្ចុប្បន្ន​លោក​ដក​យក​ “អ” និង “អា” នេះ​ចេញ​ពី​ប្រព័ន្ធ​ស្រៈ​ពេញ​តួ ព្រោះ​លោក​យល់​ថា​​ “អ” គឺ​ជា​ព្យញ្ជនៈ ដែល​ត្រូប​រាប់​បញ្ចូល​ទៅ​ក្នុង​ក្រុម​ព្យញ្ជនៈ ទាំង​៣៣​ តួ​នោះ​វិញ ។ ឯ “អា” គឺ​តួ​ព្យញ្ជនៈ​បំបែក ​យក​តួ ​​​​​​​​​ “ អ” មក​ផ្សំ​ជា​មួយ​ស្រៈ “ ា ” ដូច្នេះ​ស្រៈ​ពេញ​តួ​បច្ចុប្បន្ន​នេះ មាន​តែ ១៣​តួ​ទេ គឺ ឥ​ ឦ​ ឧ ​ឩ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ។ ចំពោះ​អស់​លោក​អ្នក​ប្រាជ្ញ​ខ្លះ​ទៀត​យល់​ថា ​ក្នុង​ចំណោម​ស្រៈ​ពេញ​តួ​ទាំង​១៣​នេះ ស្រៈ ឩ គេ​មិន​សូវ​ប្រើ​ទេ ដូច្នេះ​ គួរ​រាប់​យក​ត្រឹម​តែ ១២ តួវិញ ព្រោះ​សព្វ​ថ្ងៃ​គេ​ប្រើ​ស្រៈ​ពេញ​តួ ឩ នេះ​តែ​ពាក្យ “ព្រះ​ឩរូ” មួយម៉ាត់​គត់ ដែល​មាន​នៅ​ក្នុង​ពាក្យ “ រាជ​ស័ព្ទ ” មាន​ន័យ​ថា “​ ភ្លៅ​ស្ដេច ” ។

៤-ស្រៈ​និស្ស័យ
គឺ​តួ​អក្សរ ដែល​ជា​ទី​ពឹង​ពាក់​អាស្រ័យ​នៃ​ព្យញ្ជនៈ ។ បើ​សរសេរ​តែ​រូប​វា​ដាច់​តែ​ឯង​នោះ នឹង​ពុំ​មាន​ន័យ​ប្រាកដ​ប្រជា​ថា​យ៉ាង​ណាៗ​នោះ​ឡើយ ។ ដូច​ជា​ស្រៈ ា ស្រៈ ៅ មាន​តែ​រូប និង​សំឡេង​ផ្សំ តែ​ពុំ​មាន​សារៈ​អ្វី​ទេ ។ ស្រៈ​និស្ស័យ​មាន ២១ តួ តាម​ការ​កំណត់​របស់​ក្បួន​ពី​មុន​នោះ​គឺ ្​ ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ ះ ។ ប៉ុន្តែ​អស់​លោក​អ្នក​អក្សរសាស្រ្ត​ក្រោយ​មកសន្មត​ថា មាន​តែ២០តួវិញ ព្រោះ​ថា ស្រៈ​(អ) មាន​តែ​សំឡេង​តែ​គ្មាន​រូប​ មិន​គួរ​នឹង​រាប់​បញ្ចូល​ទេ ។ ស្រៈ​(អ) នេះ​មាន​បង្កប់​នៅ​គ្រប់​ព្យញ្ជនៈ​ទាំង​អស់ ទោះ​ជា​ឃោសៈ​ក្តី អឃោសៈ​ក្តី ប៉ុន្តែ​ប្រសិន​បើ​គេ​យក​ទៅ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​សំឡេង​ឃោសៈ គេ​អាន​តាម​សំឡេង​ព្យញ្ជនៈ ឃោសៈ គឺ​សំឡេង(អ៊) ឧទាហរណ៍ ងា ងិ ងី ញោ ញៅ ទុំ ទាំ ទះ…. ។ បើ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​អឃោសៈ ​វា​មាន​សំឡេង (អ) ដូច​ជា កា កី កោ ចូ ចើ ចេ ចែ ចៃ ចោ… ។ ចំពោះ​ស្រៈ ួ ឿ និង ៀ ទោះ​គេ​យក​ទៅ​ផ្សំ​នឹង​ព្យញ្ជនៈ ឃោសៈ​ក្តី អឃោសៈ​ក្តី វា​នៅ​តែ​មាន​សូរ​សំឡេង “អួ”​ (អឿ-អៀ) ​ដូច​គ្នា​ នេះ​វាជា​ករណី​លើក​លែង​សម្រាប់​ស្រៈ​និស្ស័យ​របស់​ខ្មែរ​យើង ។ រីឯ​ស្រៈ​៤​ទៀតដូច​ជា ស្រៈ ុះ ិះ ោះ វិញ​នោះ កាល​ពី​មុន​លោក​មិន​យក​មក​រាប់​បញ្ចូល​ក្នុង​ស្រៈ​និស្ស័យ​ទេ ។ ប៉ុន្តែ​នៅ​ពេល​ក្រោយ​មក​ ដោយ​បាន​ពិនិត្យ​ឃើញ​ថា មាន​ពាក្យ​ជា​ច្រើន ដែល​ត្រូវ​ការ​ប្រើ​ស្រៈ​ទាំង​នេះ នៅ​ក្នុង​ពាក្យ​ខ្មែរ​ជា​ចាំ​បាច់​នោះ ទើប​លោក​អ្នក​ប្រាជ្ញ​ជាន់​ក្រោយ ​ក៏​បាន​សម្រេច​បញ្ចូល​បន្ថែម​ស្រៈ​ទាំង​៤នេះ ហើយ​ស្រៈ​និស្ស័យ​ក៏​បាន​កើន​ដល់ (២១-១)+៤ = ២៤ ហើយ​បើ​បន្ថែម​ស្រៈ ​ ឹះ ,ស្រៈ ើះ, ស្រៈែះ ពីលើស្រៈ​និស្ស័យ​ដែល​ធ្លាប់​ឃើញ​​មាន​នៅ​ក្នុង​វចនានុក្រម​សម្ដេច​ ជួន ណាត ក្ដី ក្នុង​អត្ថបទ​នានា​ក្ដី​ទៀត​នោះ ស្រៈ​និស្ស័យ​អាច​កើន​ឡើង​ដល់​ ២៦ ឬ ២៧ ។

៥-ការ​ប្រើ​ប្រាស់​ជើង​អក្សរ
ដោយ​ហេតុ​ថា មាន​ករណី​ដោយ​ឡែក​ខ្លះ ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ជើង​អក្សរ​ព្យញ្ជនៈ​ខ្មែរ​យើង​នោះ ខ្ញុំ​សូម​អនុញ្ញាត​ជម្រាប​​ថា ៖

ក/ ជើង​ “ត្ត” និង​ជើង “ដ្ដ” មាន​រូប​រាង​ដូច​គ្នា​អាច​ច្រឡំ ​ព្រោះ​ការ​ប្រើ​ប្រាស់​កន្លង​មក​ ហាក់​ដូច​ជា​ច្របូក​ច្របល់​បន្តិច ដូច​ជា​ពាក្យ​ ស្ដូក​​ស្ដឹង, ផ្តិល(ទឹក), ផ្ដាច់​ផ្តិល ។ ប៉ុន្តែ​អ្នក​ប្រាជ្ញ​បាន​កំណត់​ប្រើ​ជើង​(ត្ត) នៅ​ផ្ញើ​ពី​ក្រោម​អក្សរ (ន) វា​មាន​សំឡេង​ជា​ជើង(ត្ត)ទាំង​អស់​ដូច​ជា ប៉ុន្តែ, កន្តែរ៉ែ, កន្តាំង, អន្តរាយ, បន្តិច​បន្តួច ។ល។ លើក​លែង​តែ​ពាក្យ ៤ ម៉ាត់​ចេញ​ ដែល​ជើង (្ត) យក​ទៅ​ផ្ញើ​នឹង (ន) ទៅ​ជា​មាន​សំឡេង“ដ”នោះ​គឺ សន្តោស, សន្តាន, ចិន្តា, អន្តរធាន ។ ប៉ុន្តែ​បើ​ជើង (្ត) នៅ​ផ្ញើ​នៅ​ពី​ក្រោម​តួ​ព្យញ្ជនៈ (ណ) វិញ​នោះ វា​មាន​សំឡេង​ជា “ដ” វិញ​ ដូច​ជា សណ្តែក, សណ្ដាន់, កណ្ដៀវ, កណ្ដុរ, កណ្ដាល, អណ្តូង, អណ្តើក ។ល។

ខ/ ចំពោះ​ជើង “ញ” បើ​កាល​ណា​ត្រូវ​យក​ជើង (ញ) ទៅ​ផ្ញើ​នឹង​ព្យញ្ជនៈ (ញ) នោះ អក្សរ(ញ)ខាង​លើ​ត្រូវ​កំបុត​ជើង (ខ្នែង ្ញ) ។ រី​ឯជើង​(ញ)ដែល​យក​ទៅ​ផ្ញើ​នឹង​តួ​ (ញ) នោះ មាន​សិទ្ធិ​អាច​រក្សា​ជើង ​( ខ្នែង ញ្ញ) នេះ​បាន ។ ឧទាហរណ៍​ បញ្ញើ​ក្អែក, បញ្ញត្តិ, អនុញ្ញាត, កញ្ញា, សញ្ញា ។

គ/ ជើង​ ឡ មិន​ដែល​ប្រើ​ទេ

ឃ/ ជើង ​(្ព) និង​ជើង (្វ) អាច​ប្រើ​ចូល​គ្នា​បាន ដោយ​យក​ជើង (្វ) ទៅ​ផ្ញើ​ពី​ក្រោម​ព្យញ្ជនៈ (ព) ដូច​ជា និញ្វន ។

សូមគូស​បញ្ជាក់​ថា
បុព្វ​បុរស​យើង​ផ្លាស់​ប្តូរ (ពៈ) ជា ​(វៈ)​ គឺ​ប្រើ​ជា​មួយ​គ្នាជំនួស​គ្នា​បាន ប៉ុន្តែ​គេ​មិន​អាច​យក​ជើង (ព) ទៅ​ផ្ញើ​នឹង​តួ​ (វ) ឡើយ ។

៦-អំពីវគ្គ
១-វគ្គ (ក) ក​ខ​គ​ឃ​ង
២-វគ្គ (ច) ច​ឆ​ជ​ឈ​ញ
៣-វគ្គ (ដ) ដ​ឋ​ឌ​ឍ​ណ
៤-វគ្គ (ត) ត​ថ​ទ​ធ​ន
៥-វគ្គ (ប) ប​ផ​ព​ភ​ម
ឯតួ​អក្សរ​ទាំង​៨តួដែល​សល់​ពី​វគ្គ​ទាំង៥ខាង​ដើម​នោះ លោក​​​ហៅ​ថា សេសវគ្គ​ បាន​ដល់ ៖ យ រ ល វ ស ហ ឡ អ ។

៧-សំឡេង​ព្យញ្ជនៈ
ព្យញ្ជនៈ ​៣៣ ​តួ​នេះ ចែក​ចេញ​​​សំឡេង​​ជា​ពីរ​ប្រភេទ​គឺ អឃោសៈ បាន​ដល់​ព្យញ្ជនៈ​ដែល​មាន​សំឡេង​តូច​ស្រួយ មិន​លាន់​ឮ​គឹក​កង​ មាន​ដូច​ជា កខ ចឆ ដឋណ តថ បផ សហឡអ (១៥ តួ ) ។
ឃោសៈ ៖ ពួក​ព្យញ្ជនៈ​ដែល​មាន​សំឡេង​ធំ​គ្រលរ ​គឹកកង​ ដូច​ជា គឃ​ង ជឈញ ឌឍ ទធន ពភម យរលវ (១៨ តួ)។ ព្យញ្ជនៈ​សំឡេង​ឃោសៈ ប្រទាញ​ស្រៈ​និស្ស័យ ឲ្យឮសូរ​គ្រលរ​គឹកកង​ដូច​វា​ដែរ ។

៨-ព្យញ្ជនៈ​ប្តូរ​សំឡេង
ដើម្បី​មាន​ពាក្យ​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ ទៅ​តាម​ពាក្យ​ទាំង​ប៉ុន្មាន​ក្នុង​ភាសា​ខ្មែរ​យើង បុព្វ​បុរស​យើង​បាន​កែ​ច្នៃ បំប្លែង​សំឡេង​ព្យញ្ជនៈ​ខ្លះៗ​ពី​ឃោសៈ​ទៅ​ជា​សំឡេង​អឃោសៈ ដោយ​យក​សញ្ញា​​មូសិកទន្ត ​“ ៉ ” មក​ដាក់សម្លាប់ពី​លើ ,ឧ. ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉ (៧ តួ) ។ រី​ឯសញ្ញា​ត្រីសព្ទ (៊) នេះ​ លោក​យក​ទៅ​ដាក់​ពី​លើ​ព្យញ្ជនៈ​អឃោសៈ​មួយ​ចំនួន​បំប្លែង​សំឡេង​ ឲ្យ​ទៅ​ជាឃោសៈ​វិញ ដូច​ជា ៖ ប៊, ស៊, ហ៊, អ៊, ( ៤ តួ ) ។
កំណត់​សម្គាល់
អក្សរ​ដែល​ដាក់​សញ្ញា​ត្រីសព្ទ (៊) ហើយ​បើ​កាល​ណា​មក​ជួប​ប្រទះ​នឹង​ស្រៈ ិ ី ឹ ឺ ើ​​​នោះ​គេ​ផ្លាស់​ត្រី​ស័ព្ទ​ចេញ​ហើយ​ដាក់ (ុ) ជំនួស​វិញ​ចៀស​វាង​ការ​ទើស​ទែង​ដូច​ជា​ពាក្យ ស៊ី ហ៊ឺហា ។ ឯ​ពាក្យ​សម្លាប់​ដោយ​ធ្មេញ​កណ្ដុរ ក៏​យក(ុ) មក​ជំនួស​មូសិកទន្ត​ដែរ ដូច​ពាក្យ ប៉ិន​ ប៉ិច[3] ។
ករណី​ពិសេស ក្នុង​ការ​សរសេរ​ពាក្យ​ “ ប៊ិច ” ឈ្មោះ “ ប៊ិម ” គេ​មិន​​អាច​អនុវត្ត​ក្បួន​ខាង​ដើម​នោះបាន​ឡើយ ព្រោះ​បើ​យក​ស្រៈ “ ុ ” មក​ប្រើ​តាម​ក្បួន​ខាង​លើ វា​អាច​ច្រឡំ​នឹង​ពាក្យ “ ប៉ិច ” (ប៉ិច​ពន្លក) ឬ​ទឹក​ “ ប៉ិម ” ហៀប​និង​ហូរ​ចូល​ទូក ។

៩-ព្យញ្ជនៈផ្ញើ​ជើង
ផ្ញើ​ជើង​ គឺ​ជា​វិធី​យក​ជើង​ព្យញ្ជនៈ​មួយ ​ទៅ​ផ្សំ​ជា​មួយ​នឹង​ព្យញ្ជនៈ​មួយ​ទៀត ដើម្បី​បង្កើត​បាន​ជា​សំឡេង​ផ្សំ​ពីរ​បញ្ចូល​គ្នា ឲ្យ​លាន់​ឮ​ក្នុង​ព្យាង្គ​តែ​មួយ ។ នៅ​ក្នុង​ភាសាខ្មែរ​យើង​ សម្បូរ​ពាក្យ​ដែល​ផ្សំ​សំឡេង​ពីរ​រួម​បញ្ចូល​មក​តែ​មួយ​ព្យាង្គ​ សម្រាប់​អាន​និយាយ​ចេញ​មក​ភ្ជាប់​គ្នា​ដូច​ជា​សំឡេង​ភ្លោះ ​។
ឧទាហរណ៍
ក+្ប = ក្ប មាន​ក្នុង​ពាក្យ “ ក្បាល ”
ខ+្ស = ខ្ស មាន​ក្នុង​ពាក្យ “ ខ្សត់ ”
● របៀប​យក​ជើង​ទៅ​ផ្ញើ (ផ្សំ) ជា​មួយ​ព្យញ្ជនៈ “គោល” គឺ​ព្យញ្ជនៈ​មាន​ឋានៈ​ជា​ម្ចាស់​មាន​របៀប​ប្លែកគ្នា ៖
ក-យក​ជើង​ផ្សំ​ដាក់​ពី​ក្រោម​តួព្យញ្ជនៈ​គោល ៖ ខ្លី, ឆ្មា ។
ខ-យក​ជើង​ផ្សំ​ដាក់​ពី​ឆ្វេង​តួ​ព្យញ្ជនៈ ៖ ស្រែ ។
គ-យក​ជើង​ផ្សំ​ដាក់​ពី​ក្រោម​និង​ខាង​ស្តាំ ៖ សង្ឃ, អភិវឌ្ឍ, សប្បាយ, រក្សា ។

១០-ព្យញ្ជនៈ​បន្ថែម
ដើម្បី​អាច​សម្របតម្រូវ​ជា​មួយ​សំណូរ​ម្យ៉ាងតាមបែប​សូរ​សៀង​ជា​ភាសា​បរទេស ដែល​យើង​តែង​តែ​ខ្ចី​យក​មក​ប្រើ​ខ្លះៗ មាន​ភាសា​បារាំង អង់​គ្លេស…. គេ​យក​តួ​ព្យញ្ជនៈ​មក​ផ្សំ​ជា​មួយ​ជើង​ព្យញ្ជនៈ ដូច​ជា​ពាក្យ guitare= ហ្គីតារ, frein ហ្រ្វាំង, café =កាហ្វេ, George Cœdès= ហ្ស៊ក សេដែស[4] ។ល។

១១-សិថិល និង​ ធនិត
ក/ សិថិល គឺ​ព្យញ្ជនៈ​ដែល​មាន​សំឡេង​ស្រាល​ប្រមូល​ផ្តុំ​ចេញ​សំឡេង​ដាច់​តែ​មួយ ពុំ​មាន​ខ្យល់​ផ្សំ​ពី​ព្យញ្ជនៈ​ណា​ផ្សេង ៖ ក គ ច ជ ដ ឌ ត ទ ប ព ។
ខ/ ធនិត រាល់​ព្យញ្ជនៈ​ដែល​មាន​គួប​ផ្សំ​ដោយ​សំឡេង ​​​​“​​​​ ហ ” មាន​ដូច​ជា ខ< ក+ហ; ឆ< ច+ហ; ឋ< ដ+ហ; ថ< ត+ហ; ផ< ប+ហ; ឃ < គ+ហ; ឈ < ជ+ហ៊ ; ឍ < ឌ+ហ៊; ធ < ទ+ហ៊; ភ < ព+ហ៊ ។

១២-ព្យញ្ជនៈ​គូ
នៅ​ក្នុង​តួ​ព្យញ្ជនៈ​ទាំង​ ៣៣​ តួ ក្នុង​វគ្គនីមួយៗ តែង​តែ​មាន​ព្យញ្ជនៈ​ជា​គូ​នឹង​គ្នា ដែល​មួយ​មាន​សំឡេង​ អឃោសៈ ហើយ​មួយ​ទៀត​មាន​សំឡេង​ឃោសៈ​ គឺ ៖
ក/ ផ្នែក​អឃោសៈ ៖ ក​ គូ​នឹង​ ខ; ច ​គូ​នឹង ​ឆ; ដ​ គូ​នឹង​ ឋ; ត​ គូ​នឹង ​​ថ ។
ខ/ ផ្នែក​ឃោសៈ ៖ គ​ គូ​នឹង​ ឃ; ជ ​គូ​នឹង ​ឈ; ទ ​គូ​នឹង​ ធ; ព ​គូនិង ភ ។
ចំពោះ​ព្យញ្ជនៈ​សេស​គូ នៅ​ចុង​វគ្គ​ទាំង​ ៥ ​មាន​ ង, ញ, ណ, ន, ម និង​ព្យញ្ជនៈ​សេស​វគ្គ​ទាំង​៨​តួ ​មាន ៖ យ ​រ ​ល​ វ ​ ស​ ហ ​ឡ​ អ​ នោះ​ពុំ​មាន​គូ​ទេ ។