សញ្ញា​ប្រយោគ ឬ វណ្ណយុត្តិ

តើ​សញ្ញា​ប្រយោគ​ជា​អ្វី? តើ​សញ្ញា​ប្រយោគខុស​ពី​វណ្ណយុត្តិ​ដូចម្ដេច?
អ្នក​ប្រហែល​ជា​ធ្លាប់​ឮ​អំពី​ វណ្ណ​យុត្តិ ប៉ុន្តែ សញ្ញា​ប្រយោគ​ប្រហែល​ជា​បច្ចេកសព្ទ​ថ្មី ក្នុង​ទំព័រ​នេះ​​បង្ហាញ​ពី​ការ​ប្រើ​ប្រាស់​ដែល​មាន​លក្ខណៈ​បទដ្ឋាន ​និង ការឯកភាព​​សម្រេច​ពី គ.ជ.ភ.ខ. នៃ​រាជបណ្ឌិត​សភា​កម្ពុជា​លើ​ការ​ប្រើប្រាស់​ [សញ្ញាប្រយោគ] ចម្រូង​ចម្រាស់​មួយ​ចំនួន​ក្នុង​ភាសា​ខ្មែរ។ សូម​មើល​សេចក្តី​ណែនាំ​ខាង​ក្រោម៖

  • សញ្ញាប្រយោគ*៖ ជា​សញ្ញា​សម្រាប់​សម្គាល់​ចំណប់​ល្បះ គម្លាតពាក្យ/កន្សោម​ពាក្យ ឱ្យ​ដាច់​ពីគ្នា​ (បារ. signes de ponctuation អ. punctuation)
    [*បញ្ជាក់៖ គណៈកម្មាធិការជាតិភាសាខ្មែរ​ប្រើ​ពាក្យ សញ្ញាប្រយោគ ប៉ុន្តែ វចនានុក្រម​សម្ដេច​ ជួន ណាត ប្រើពាក្យ ខណ្ឌសញ្ញា]
  • វណ្ណយុត្តិ៖ គេ​បង្គើត​វា​ឡើង​ដើម្បី​បង្គ្រប់​សេចក្តី​ត្រូវ​ការ​ក្នុង​ការ​កត់​សូរ ដូច មូសិកទន្ត, ត្រីសព្ទ ជាដើម (បារ. signes diacritiques អ. diacritic)

(ព័ត៌មានលម្អិត​​សូមមើល៖ ខណ្ឌសញ្ញា / វណ្ណយុត្តិ)

១. ការ​ប្រើ​ដំណក​ឃ្លា​ជាមួយ​ឈ្នាប់​ចង៖

ដោយ​ផ្អែក​លើ​ទឡ្ហីករណ៍​វត្ថុវិស័យ (argument objectif) និង ប្រើ​និទស្សន៍ (demonstration) ជា​ច្រើន ខ្ញុំ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ដោយ​ឈ្នាប់​ចង​ជា​ចំណង​ដាច់​ឡែក​ពី​ពាក្យ/​កន្សោមពាក្យ/​ល្បះ​ដែល​គេ​ចង​ភ្ជាប់​គ្នា​នោះ គេ​មិន​ត្រូវ​ចាត់​ទុក​វាថា ជា​ចំណែក​មួយ​នៃ​ពាក្យ/កន្សោមពាក្យ/ល្បះខាងស្តាំ​ឡើយ៖ ដូច្នេះ ការ​ប្រើ​ដំណក​ឃ្លា​តែ​ខាង​ឆ្វេង​នៃ​ឈ្នាប់​ចង ដោយ​ភ្ជាប់​ឈ្នាប់​នេះ​ទៅ​នឹង​ពាក្យ/កន្សោមពាក្យ/​ល្បះដែល​នៅ​ខាង​ស្ដាំ​នោះ ជា​ការ​ប្រើប្រាស់​មិន​ស្រប​តាម​សម្ព័ន្ធ​វិទ្យា​ទេ។

ការប្រើ​ដំណក​ឃ្លា​ជាមួយ​ឈ្នាប់​ចង មាន​ពីរ​ករណី៖
ករណីទី ១ ៖ ឈ្នាប់​ចង​មិន​តម្រូវ​ឱ្យ​មាន​ដំណក​ឃ្លា​ទេ ប៉ុន្តែ បើ​គេ​ចង់​ទាញ​អារម្មណ៍​លើ​ភាគ​ទាំង​ពីរ​ភ្ជាប់​ដោយ​ឈ្នាប់​នេះ គេ​អាច​ដក​ឃ្លា​បាន (គ្មាន​កំហុស​ផ្នែក​សម្ព័ន្ធ​វិទ្យា​ទេ ឱ្យ​តែគេ​ចៀស​កំហុស​ដែល​ទើប​ត្រូវ​បាន​បង្ហាញ​ខាង​លើ):

    • ការ​ប្រើ​ឈ្នាប់​ចង​ដោយ​ឥត​ដក​ឃ្លា៖
      ឧ. ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ
    • ការប្រើឈ្នាប់​ចង​ដោយ​មាន​ដក​ឃ្លា៖
      ឧ. ក្រសួង​សេដ្ឋ​កិច្ច​ និង ​ហិរញ្ញវត្ថុ

ករណីទី ២៖ ឈ្នាប់​ចង​តម្រូវ​ឱ្យ​មាន​ដំណក​ឃ្លា ពី​ព្រោះ​ដំណក​ឃ្លា​មាន​ប្រើ​ក្នុង​កន្សោម​ឬ​ល្បះ​ស្រាប់ (មុន​មក​ដល់​ឈ្នាប់):

ឧ. ក្រសួង​អប់រំ យុវជន និង កីឡា

២. កម្មទេសកាលដើមល្បះ៖

កម្មទេសកាល​ដើមល្បះ​ជា​កន្សោមួយ​ គឺជា​កន្សោម​ធ្នាក់ (ក្នុង​ករណី​តិចតួច​មួយ​ចំនួន​ គេ​មិន​ប្រើ​ធ្នាក់​ទេ ដូចៈ ម្សិលមិញ, ថ្ងៃស្អែក…) ក្នុង​ករណី​នៃ​កម្មទេសកាល​ដើម​ល្បះ​នេះ គេ​ត្រូវ​ប្រើ​ដំណក​ឃ្លាជា​ដាច់​ខាត ហើយ សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត និយម​ប្រើ​សញ្ញា​ក្បៀស​ថែម​ទៀត​ផងៈ

ឧ. “(…) មុន​នឹង​ផ្ដើម​ការ​រៀបរៀង, គណៈកម្មការ​បាន​ប្រឹក្សា​យ៉ាងយូរ (​…)”, (និទាន, សម្រាប់​ការ​បោះពុម្ភ​វចនានុក្រម​ខ្មែរ​ឡើង​វិញ គ្រាទី៥ ទំព័រ ក)។

៣. សញ្ញា​ក្បៀស៖

ក្នុង​ករណី​ខ្លះ​ សញ្ញា​ក្បៀស​មាន​ប្រយោជន៍​ជួយ​ឱ្យ​ល្បះ​កាន់​តែ​ច្បាស់ (ដូច​ឧទាហរណ៍​ខាង​លើ) ឬ ជាការ​ចាំបាច់ (ក្នុង​វចនានុក្រម​សម្ដេច​ ជួន ណាត ក៏​មាន​ប្រើ​សញ្ញា​ក្បៀស​ច្រើន​កន្លែង​ផង​ដែរ)។

៤. កត្តារួម៖

  • កត្តា​រួម​អាច​នៅ​ខាង​ដើម​នៃ​កន្សោម​ពាក្យ៖

ឧ. កម្លាំង​កាយ កម្លាំង​ចិត្ត > កម្លាំងកាយចិត្ត (ការ​សរសេរ “កម្លាំងកាយ ចិត្ត” បែបនេះ​មិន​ស្រប​តាម​សម្ព័ន្ធ​វិទ្យា​ទេ ពីព្រោះ “កម្លាំង” ត្រូវ​បាន​ប្រគល់​ឱ្យ​ “កាយ” ​តែ​ម្នាក់​ឯង)

  • កត្តារួម​ក៏​អាច​នៅខាង​ចុង​នៃ​កន្សោម​ពាក្យ​ដែរ៖

ឧ.១- “ឃុំស្វាយរៀង ស្រុក​ស្វាយរៀង ខេត្ត​ស្វាយ​រៀង > ឃុំ ស្រុក ខេត្ត ស្វាយរៀង” (គប្បី​​កុំ​ដាក់ “ស្វាយរៀង” ឱ្យ​ជាប់​នឹង​ “ខេត្ត” ដើម្បី​ចៀស​ការ​ប្រគល់ “ស្វាយរៀង” ឱ្យ​ទៅ​ “ខេត្ត” តែ​ម្នាក់​ឯង​)

ឧ.២- “កាសែត​រស្មី​កម្ពុជា មាន​កិត្តិយស​សូម​ជម្រាប​ជូន​អតិថិជន ដែល​ជាវ​កាសែត​រស្មី​កម្ពុជា​ ជា​ប្រចាំ​តាម​ គេហដ្ឋាន, ក្រសួង, មន្ទីរ, ស្ថាប័ន, អង្គការ​និង​​ក្រុម​ហ៊ុន​នានា ឱ្យ​បាន​ជ្រាបថា (…)”, (“រស្មី​កម្ពុជា” ថ្ងៃ​សុក្រ ទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១០)។

ឧ.៣-“ឈ្នាប់​ចង និង ឈ្នាប់​រណប មាន​លក្ខណៈ​សម្ព័ន្ធ​ប្លែក​គ្នា” ឬ
“ឈ្នាប់​ចងនិងឈ្នាប់រណប​មាន​លក្ខណៈ​សម្ព័ន្ធ​ប្លែក​គ្នា” ប៉ុន្តែ ការ​សរសេរ​បែប​នេះ​វិញ៖
“ឈ្នាប់ចង និង ឈ្នាប់​រណប​មាន​លក្ខណៈ​សម្ព័ន្ធ​ប្លែក​គ្នា” មិន​ស្រប​តាម​សម្ព័ន្ធ​វិទ្យា​ទេ ពីព្រោះ​កត្តារួម​ “មាន​លក្ខណៈ​សម្ព័ន្ធ​ប្លែកគ្នា” ត្រូវបាន​ប្រគល់​ឱ្យ​ “ឈ្នាប់រណប” តែ​ម្នាក់​ឯង។

(ដក​ស្រង់​ពី ព្រឹត្តិ​បត្រ​គណៈ​កម្មាធិការ​ជាតិ​ភាសាខ្មែរ លេខ ៧ ឆ្នាំ​២០១១)