ពាក្យ​កម្លាយ​ព្យាង្គ​តម្រួត (០៨)

តារាង​ពាក្យ​ព្យាង្គ​តម្រួត​ (០៨)

(ដក​ស្រង់​ពី ព្រឹត្តិ​បត្រ​គណៈ​កម្មាធិការ​ជាតិ​ភាសាខ្មែរ លេខ ៣ ឆ្នាំ​២០១០)

ព្យាង្គ​តម្រួត ឬ ព្យាង្គ​រាយ

យោង​តាម​ការ​ស្នើ​សុំ​របស់​លោក​ឡុច.ផ្លែង ឱ្យ​សរសរ​ពាក្យ​ពីរ​ព្យាង្គ​ជា​ព្យាង្គរាយ អង្គ​ប្រជុំ​បាន​សម្រេច​ឱ្យ​សរសេរ​ជា​ព្យាង្គ​រាយ​តាម​ធម្មតា​ ដូចជា៖ សំលាប់ តំលៃ កំសាន្ត លំអ ទំលាប់ កំរង តំរួត សំរាប់ សំដី សំលេង ចំការ…។

បញ្ហា​នេះ​អស់​លោក​ចូរ​ពិចារណា​ដោយ​ខ្លួន​ឯង​ផង​ចុះ បើ​តាម​ព្រះ​តម្រិះ​យល់​ឃើញ​របស់​សម្តេច ជ.ណ លោក​ឱ្យ​សរសេរ​តាម​ដើម​កំណើត​នៃ​ពាក្យ​នោះៗ បើ​ជា​ព្យាង្គ​តម្រួត ទោះ​ក្លាយ​ទៅ​ណា​ក៏​​នៅ​ជា​ព្យាង្គ​តម្រូត​ដដែល ដូចជា៖ ស្រេច > សម្រេច, ស្លាប់ > សម្លាប់, ល្អ > លម្អ, ស្រាប់ > សម្រាប់, ស្គាល់ > សម្គាល់, ឆ្ការ > ចម្ការ …។

មាន​ពាក្យ​ខ្លះ​ដូចជា សំឡេង សម្លាញ់ សម្តី សំឡី សំដៅ … តាម​សម្ដេច​ឱ្យ​សរសេរ​តាម​វចនានុក្រម តែ​យើង​អាច​សរសេរ​បែប​ណា​ក៏បាន ពីរឬបី​ប្រភេទ ដូចជា៖
សំឡេង សំលេង សម្លេង, សំឡាញ់ សំលាញ់ សម្លាញ់, សំឡី សំលី សម្លី, ដំរាប់ ដម្រាប់ តំរាប់ តម្រាប់, ចំការ ចម្ការ, ចំរើន ចម្រើន, ជំងឺ ជម្ងឺ, សំដី សម្ដី, ចំលើយ ចម្លើយ …
សរសេរ​យ៉ាង​នេះ មិន​​ខុស​អ្វី​ឡើយ​ គ្រាន់​តែ​ច្រើន​បែប​បន្តិច។ ខ្ញុំ​ពោល​នេះ​មិន​មែន​យល់​តាម​គំនិត​ខ្លួន​ឯង ហើយ​ផាត់​វចនានុក្រម​ចោល​ទេ ដោយ​យោល​តាម​ការ​ពិភាក្សា​របស់​គណៈកម្មការរៀបចំអក្សរសាស្ត្រ (មើលកំណត់​សម្គាល់​ខាង​ក្រោម​) លោក​មិន​ហ៊ាន​កែប្រែ​ទម្លាប់ ដែល​ធ្លាប់​ប្រើ​ស្ទាត់​ដៃ​យូរ​មក​ហើយ​ទេ ដូច្នេះហើយ​បាន​ជា​វចនានុក្រម​ខ្មែរ ​មិន​ត្រូវ​បាន​ដាក់​ចូល​ជា​សម្បត្តិ​រាជការ ព្រោះ​ទុក​ឱកាស​អនុគ្រោះ​ដល់​បញ្ញវន្ត​ខ្មែរ​ជំនាន់​ក្រោយៗ បើ​ដាក់​ជា​សម្ប្តត្តិ​រាជការ​ហាក់​ដូច​ជា​បង្ខំ​គេ​ឱ្យ​ប្រើ​តាម​ទាំង​អស់​គ្នា​ដោយ​ដាច់​ខាត ហើយ​បើ​អ្នក​ណា​ចង់​កែ​ប្រែ​កន្លែង​ណា​មួយ​ត្រូវសុំ​ច្បាប់​ពី​រាជរដ្ឋាភិបាល​សិន បើ​មិន​ដូច្នោះ​ឈ្មោះ​ថា​ខុស​ច្បាប់។ ដោយ​ហេតុ​នេះ​ហើយ​ ត្រូវ​ទុក​ឱកាស​ឱ្យ​គេ​សិនចុះ បើ​អ្នក​ណា​មិន​ត្រូវ​ការ​ប្រើ​តាម​ក៏​ឥត​កំហុស​អ្វី​ឡើយ យូរៗទៅ​គង់​តែ​នឹង​ប្រើ​តាម​ទាំង​អស់​គ្នា​ឯងៗ ទៅទេ។

*កំណត់​សម្គាល់៖
១. កិរិយាសព្ទ ឬ គុណសព្ទ​ទោល​គឺ​មាន​អក្សរ​មិន​តម្រួត ឬ មិន​គ្រវាត់ មិន​ផ្ញើជើង ដល់​ចេញ​មក​ជា​នាម​សព្ទ​ត្រូវ​ត្រូវ​ប្រើ​រាយ​តួ​ដូចជា៖

កត់ (កិ) > កំណត់ (ន)
កាត់ (កិ) > កំណាត់ (ន)
ដឹង (កិ) > ដំណឹង (ន)
ដើរ (កិ) > ដំណើរ (ន)
តូច (គុ) > តំណូច (ន)
ទាប (គុ) > ទំនាប (ន)
ធំ (គូ) > ទំហំ (ន)
កែន (កិ) > កំណែន (ន)
ចង់ (កិ) > ចំណង់ (ន)
ឈាន (កិ) > ជំហាន (ន)
កល់ (កិ) > កំណល់ (ន)
គុំ (កិ) > គំនុំ (ន)
ជិះ (កិ) > ជំនិះ (ន)
ខុស (គុ) > កំហុស (ន)
(មិន​ប្រើ​តម្រួតជា កម្នត់ កម្នាត់ ដម្នឹង តម្នូច ទម្លាយ កម្នល់ កម្នែន គម្នុំ ចម្នង់ ជម្និះ ជម្ហាន កម្ហុស ជាដើមទេ) ។ល។

២. កិរិយាសព្ទ ឬ គុណសព្ទដែល​មាន​អក្សរ​តម្រួត ឬ ផ្ញើរ​ជើង​គ្រវាត់ ដល់​ចេញ​មក​ជា​នាម​សព្ទ​ត្រូវ​តែ​តម្រួត​ដូចគ្នា៖

ក្រង (កិ) > កម្រង (ន)
គ្រប (កិ) > គម្រប (ន)
ច្រូត (កិ) > ចម្រូត (ន)
ត្រាស់ (កិ) > តម្រាស់ (ន)
ត្រេក (កិ) > តម្រេក (ន)
ស្ល (កិ) > សម្ល (ន)
ក្រាល (កិ) > កម្រាល (ន)
ឃ្លាន (កិ) > គម្លាន (ន)
ជ្រក (កិ) > ជម្រក (ន)
ត្រិះ (កិ) > តម្រិះ (ន)
ស្រេក (កិ) > សម្រេក (ន)
ឆ្ការ (កិ) > ចម្ការ (ន)
ស្ដី (កិ) > សម្តី (ន)
ក្រ (គុ) > កម្រ (ន)
ជ្រៅ (គុ) > ជម្រៅ (ន)
ច្រើន (គុ) > ចម្រើន (កិ)
ក្រាស់ (គុ) > កម្រាស់ (ន)
ខ្ជិល (គុ) > កម្ជិល (ន)

សេចក្តី​ខាង​លើ​ខ្ញុំ (ម្ចាស់​ប្លក់) បាន​ដក​ស្រង់​ពី​សៀវភៅភាសា​ខ្មែរដែល​រៀបរៀង​ដោយ អគ្គទត្តោ គល់-សុភាព (វត្ត​និគ្រោធវ័ន) ទំ. ១២២-១២៤ និង ១៥១-១៥២។