ក្ដារ​ចុច​ខ្មែរ​រៀប​គ្រាប់​ចុចតាម​អក្ខរក្រម

យើង​តែង​តែ​ឮ​ការ​រអ៊ូរទាំ​ជា​រឿយៗ ថា​គេ​ពិបាក​ប្រើប្រាស់​ក្ដារ​ចុច​ខ្មែរ​​ដោយ​សារ​មូលហេតុ​ផ្សេងៗ​ជា​ច្រើន ហើយ​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ទាំង​នោះ​គឺ ការ​ពិបាក​រក​ទីតាំង​នៃ​គ្រាប់​ចុច​នីមួយៗ។ ដោយ​ហេតុ​ថា​ក្ដារ​ចុច​ប្រើប្រាស់​លើ​ទូរសព្ទ​សព្វ​ថ្ងៃមាន​ការ​តម្រៀប​គ្រាប់​ចុច​តាម​ទីតាំង​នៃ​គ្រាប់​ចុច​អង់គ្លេស (ឬ ក្ដារ​ចុចឃ្វើធី – QWERTY Keyboard) ពោល​គឺ​ភាគច្រើនគេជំនួស​ទីតាំង​នៃ​តួ​អក្សរ​អង់គ្លេស​ដោយ​តួអក្សរ​ខ្មែរ ដោយ​មិន​គិត​ពី​ហ្វ្រ៊ីខ្វិនស៊ី​នៃ​តួ​អក្សរ​នោះៗ​ឡើយ។ ឧទាហរណ៍ គេយ​ក​តួ​អក្សរ “យ” មក​ដាក់​ត្រង់​ទីតាំង​នៃ​តួអក្សរ “Y”, “រ” – “R”, “ល” – “L”, “វ” – “V”, “ស” – “S”, “ហ” – “H” ។ល។ និង ។ល។ នេះ​ប្រហែល​ជា​មក​ពី​ឥទ្ធិពល​នៃ​ក្ដារ​ចុច​លីម៉ូន​ដែល​គេ​ធ្លាប់​ប្រើ​មុន​ពេល​ក្ដារចុច​យូនីកូដខ្មែរ​លេច​ជា​រូបរាង​ឡើង។ សូម​ប្រៀប​ធៀប​​ប្លង់​ក្ដារចុច​លីម៉ូន​ខ្មែរ និង ក្ដារចុច​យូនីកូដ​ខ្មែរ ​ខាង​ក្រោម៖

limon

ប្លង់​ក្ដារចុច​លីម៉ូន​ខ្មែរ

sbbic-khmer-unicode-keyboard

ប្លង់​ក្ដារចុច​យូនីកូដ​ខ្មែរ

ការ​តម្រៀប​ដូច​ខាង​លើប្រហែលជា​អាច​ងាយ​ស្រួល​ប្រើ​សម្រាប់​អ្នក​ដែល​ធ្លាប់​ប្រើ​ក្ដារ​ចុច​ឃ្វើធី ដើម្បី​វាយ​ភាសាអង់គ្លេស ព្រោះ​ថា​គេ​បាន​ស៊ាំ​ទៅ​នឹង​ទីតាំង​នៃ​គ្រាប់​ចុច​។

ក៏​ប៉ុន្តែ ចំពោះ​អ្នក​ដែល​មិន​ដែល​ប្រើ​ប្រាស់​ក្ដារ​ចុច​លីម៉ូន ឬ មិន​ដែល​ធ្លាប់​ប្រើ​ក្ដារ​ចុច​ខ្មែរ​សោះពី​មុន​មកទាំង​នៅ​លើ​កុំព្យូទ័រ និង​ទូរសព្ទដៃ នោះ​ប្រហែល​ជា​ជួប​ប្រទះ​នូវ​ការ​លំបាក​ច្រើន​ក្នុង​ការ​ស្វែង​រក​ទីតាំង​នៃ​គ្រាប់​ចុច​​ដើម្បី​វាយ​ឱ្យ​ចេញ​ជា​ពាក្យ។ វា​ក៏​អាច​ធ្វើ​គេ​វាយ​អក្សរ​មិន​ទាន់​ចិត្ត(យឺត) ខាត​ពេល និង ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ធុញ​ក៏​សឹង​មាន។

ហេតុ​ដូច្នេះ​ហើយ​បាន​ជាឥឡូវ គេ​ឃើញ​ក្ដារ​ចុច​ថ្មី​មួយ​ដែល​មាន​ប្លង់​ប្លែក​ខុស​ពី​មុន។ និយាយ​ឱ្យ​ចំគឺ​តួអក្សរ​នីមួយៗ​ត្រូវ​បាន​គេ​តម្រៀប​តាម​លំដាប់​អក្សរក្រម​ខ្មែរ ទាំង​ព្យញ្ជនៈ (ឧទាហរណ៍៖ ក ខ គ ឃ ង …) ទាំង​ស្រៈ (ឧទាហរណ៍៖ ា ិ ី ឹ ឺ …) ។ សូម​មើល​រូប​ខាង​ក្រោម៖

Khmer Native Keyboard on Android 1st layout

ប្លង់​ក្ដារ​ចុច​តាម​អក្ខរក្រម-ស្រទាប់​ទី១

Khmer Native Keyboard on Android 2nd layout

ប្លង់​ក្ដារ​ចុច​តាម​អក្ខរក្រម-ស្រទាប់​ទី២

ដើម្បី​ទទួល​បាន​ក្ដារចុច​នេះ​ប្រើ​ក្នុង​ទូរសព្ទ​របស់​អ្នកដោយ​ឥតគិត​ថ្លៃ​សូម​ចូល​ទៅ​កាន់ផ្លេស្តរ (Play Store) បន្ទាប់​មក​ដំឡើង ជីប៊ដ (Gboard) ឬ ចុច​លើ​តំណ​នេះ https://play.google.com/store/apps/details?id=com.google.android.inputmethod.latin ដើម្បី​ចូល​ទៅ​ផ្លេស្តរ​តែ​ម្ដង។

ខាង​ក្រោម​នេះ​ជា​របៀប​ដោនឡូដ និង ដំឡើង​ក្ដារ​ចុច​នេះតាម​ជំហាន​នីមួយៗ៖

  1. ឆែក​មើល​ថា​តើ​អ្នក​មាន​ជីប៊ដ​ហើយ​ឬ​នៅ
  2. បើ​មាន​ជីប៊ដ​ហើយ​សូម​ចុច​លើ ការកំណត់ (ឬ Setting)
  3. បន្ទាប់​មក​ចុច​លើ ភាសា & ការ​បញ្ចូល (ឬ Language & Input)
  4. បន្ទាប់​មក​ចុច​លើ ជីប៊ដ (ឬ Gboard)
  5. បន្ទាប់​មក​ចុច​លើ ភាសា (ឬ Language)
  6. ស្ក្រូល​ចុះ​ក្រោម​ដើម្បី​រក ខ្មែរ (កម្ពុជា) (ដើម) 
  7. បន្ទាប់​មក​ទៀត ចុច​ដើម្បី​ឱ្យ​វា​ដំណើរការ។

ពេល​នេះ​អ្នក​នឹង​មាន​ក្ដារ​ចុច​តាម​អក្ខរក្រម​ក្នុង​ទូរសព្ទ​របស់​អ្នក​ហើយ។ ដើម្បី​ប្រើ​ប្រាស់​វា​បាន​សូម​ជ្រើស​រើស​យកក្ដារចុច ខ្មែរ (កម្ពុជា) (ដើម)។

បើ​មាន​ចម្ងល់​សូម​ ចូល​ដាក់​មតិ​ខាង​ក្រោម ឬ ចូល​ទៅ​ហ្វេសប៊ុក​ផេក​របស់​អក្ខរាវិរុទ្ធភាសាខ្មែរ https://web.facebook.com/khmerspelling/.

Advertisements

ថា​ម៉េច? មាន “​ក្ដារ​សរសេរ​ដៃ” ភាសាខ្មែរ?

តាម​ពិត​ទៅ​​មិន​មែន​ជា​រឿង​ថ្មី​ឯណា​ដែល​ថា​គេ​មាន​ក្ដារសរសេរ​ដៃ​សម្រាប់​ភាសា​ដទៃ តែ​ប្រហែល​ជា​មិន​សូវ​មាន​នរណា​ដឹង។ អញ្ចឹង​​ “​អក្ខរាវិរុទ្ធ​ភាសាខ្មែរ” សុំ​ចែក​រំលែក​ដំណឹង​នេះ​ឱ្យ​អ្នក​រាល់​គ្នា​បាន​ដឹង។ បើ​និយាយ​ពី​ក្ដារ​ចុច​ភាសា​ខ្មែរ​វិញ នរណា​ក៏​ដឹង​ដែរ តែ​បញ្ហា​គឺ​ត្រង់​ថា​វាយ​បាន​ត្រូវ​ឬ​អត់ ដូច​ជា​យ៉ាប់​​បន្តិច ព្រោះ​ថា​យើង​ត្រូវ​តែ​ដឹង​ថា​គ្រាប់​ចុច​ណា​ត្រូវ​ប្រើ​ប៊ូតុង​ណា។ បើ​មិន​អញ្ចឹង​ទេ ខ្មាស​គេ​ហើយ…។ សម្រាប់ក្ដារ​សរសេរ​នេះ​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា យើង​អាច​ចាប់​ផ្ដើម​ប្រើ​យក​តែ​ម្ដងដោយ​មិន​បាច់​ខ្វល់​ពី​ទីតាំង​គ្រាប់​ចុច​ណា​សម្រាប់​តួ​អក្សរ​ណា​ទេ។ អេម…

រហូត​មក​ដល់​ពេល​នេះ​ក្ដារ​សរសេរ​ដៃ ឬ ហៅ​ជា​ភាសា​អង់គ្លេស​ថា “Handwriting Input” ដែល​បង្កើត​ដោយ​ក្រុម​ហ៊ុន​បច្ចេកវិទ្យាយក្ស “ហ្គូហ្គល” មក​ទល់​នឹង​បច្ចុប្បន្ន​នេះ មាន​ភាសា​ដែល​អាច​សរសេរ​ដោយ​ដៃ​បាន​ចំនួន​ ៨២​ ហើយ ហើយ​ភាសាខ្មែរ​យើង​ជា​ភាសា​មួយ​ក្នុង​នោះ​ដែរ។ ឡូយ!!!

លក្ខណៈ​ពិសេស​៖

  • សម្រាប់​ប្រើ​ជា​ជំនួយ​ដល់​ការ​វាយ​អក្សរ​ដោយ​ប្រើ​ក្ដារចុច ឬ សំឡេង
  • គ្រាន់​តែ​សរសេរ​ធម្មតា​ដូច​ គេ​សរសេរ​នឹង​ដីស​លើ​ក្ដារ​ឈ្នួន​អញ្ចឹង​
  • មាន​ការ​ព្យាករណ៍​ពាក្យ​ដែល​យើង​កំពុង​តែ​សរសេរ​ទៀត
  • ចំពោះ​ភាសាខ្មែរ​យើង យ៉ាប់​ត្រង់​មាន​តួ​អក្សរ​ច្រើន (ព្យញ្ជនៈ ជើង ស្រៈ វណ្ណយុត្ត …) បើ​ប្រើ​ក្ដារ​ចុច​វិញ ទាល់​តែ​ប្រើ​យូរ​ទើប​ស៊ាំ តែ​ក្ដារសរសេរ​នេះ នឹង​ធ្វើ​ឱ្យ​យើង​ញញឹម​បិទ​មាត់​មិន​ជិត… ហិហិហិ…។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ “ហ្គូហ្គល​ផ្លេ” ហើយ​រក​កម្មវិធី “ក្ដារសរសេរដៃ” ឬ “Handwriting Input” ហើយ​ដំឡើង​វា បន្ទាប់​មក​រើស​យក​ភាសា​ខ្មែរ។ (សេចក្ដី​លម្អិត​ពី​ក្ដារសរសេរ​នេះ។)

ក្ដារ​សរសេរ​ដៃ (ភាសាខ្មែរ)

ក្ដារ​សរសេរ​ដៃ (ភាសាខ្មែរ)

បើ​មាន​ចម្ងល់សូម​​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទាក់​ទង​មក​កាន់ “អក្ខរាវិរុទ្ធ​ភាសាខ្មែរ”។

ចង់​ដឹង​ថា​វា​យ៉ាង​ម៉េច តោះ​សាកល្បង​ទាំង​អស់​គ្នា…