ធ្លាប់​សរសេរ​អញ្ចឹង​ទេ?

wrong independent vowel

“ឫស្សី” សរសេរ​ខុស​ជា “ឬស្សី” នៅតាម​ដង​វិថី​ក្នុង​ក្រុង​ភ្នំពេញ តែហាក់​គ្មាន​អ្នក​អើពើ!

សព្វថ្ងៃការប្រើប្រាស់ភាសាខ្មែរលើបណ្ដាញកុំព្យូទ័រនិងទូរសព្ទមានការកើនឡើងគួរឱ្យកត់សម្គាល់។ ឯកសារស្រាវជ្រាវនាឆ្នាំ២០១៦របស់ វិទ្យាស្ថានបើកទូលាយ (Open Institute) ស្ដីពី “ការប្រើប្រាស់អ៊ីនធើណិតនិងទូរសព្ទដៃនៅប្រទេសកម្ពុជា” បង្ហាញថា៩៦%នៃប្រជាជនកម្ពុជាមានទូរសព្ទផ្ទាល់ខ្លួនប្រើ ហើយ៧៦%នៃប្រជាជនកម្ពុជាមានទូរសព្ទដៃដែលអាចប្រើប្រាស់ភាសាខ្មែរបាន (ពោលគឺកើនឡើង២១%ធៀបនឹងទិន្នន័យកាលពីឆ្នាំកន្លងទៅ)។ ចំណែកឯលទ្ធភាពប្រើប្រាស់អ៊ីនធើណិតមាន៤៨% ប្រមាណជាពាក់កណ្ដាលនៃចំនួនប្រជាជនសរុប(ជាង១៥លាននាក់)។ ឯកសារដដែលនេះបានបង្ហាញថា ការសរសេរភាសាខ្មែរលើទូរសព្ទដៃកើនឡើងពី១៣% (នាឆ្នាំ២០១៣) ទៅ៣៨% (នាឆ្នាំ២០១៦)។ តើ​នេះ​ជា​សញ្ញា​ណ​ល្អ​នៃ​ការ​ប្រើប្រាស់​ភាសាខ្មែរ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​កុំព្យូទ័រ​ឬ​យ៉ាង​ណា?

ជាការពិតណាស់ដែលថាទូរសព្ទដៃទំនើបៗ សព្វថ្ងៃមានមុខងារដែលអាចឱ្យអ្នកប្រើប្រាស់អាននិងសរសេរភាសាខ្មែរបានដោយប្រើប្រាស់ក្ដារចុចដ៏សម្បូរបែប ប៉ុន្តែបញ្ហាមួយចំនួនដែលចេះតែកើតឡើងជារឿយៗនោះគឺ កំហុសអក្ខរាវិរុទ្ធ ទាំងដោយចេតនាឬអចេតនា។ កំហុសទាំងនេះមិនសំដៅទៅលើការប្រកបរាយព្យាង្គ/តម្រួតព្យាង្គ(ឧទាហរណ៍៖ សំរាប់/សម្រាប់)ទេ តែវាទាក់ទងនឹងការធ្វេសប្រហែសរបស់អ្នកសរសេរដែលបានមើលរំលងចំណុចគន្លឹះបច្ចេកទេស ពោលគឺរបៀបវាយខ្មែរយូនីកូដឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត។ ក្បួនខ្នាតនោះខុសពិីការសរសេរដោយដៃ និយាយឱ្យចំ យើងរាល់គ្នាមិនអាចសរសេរអក្សរណាមុនក៏បានតាមចិត្តចង់ ហើយក៏មិនមែនចេះតែផ្សំតួអក្សរបញ្ចូលគ្នាឱ្យតែមើលទៅស្រដៀងនឹងអ្វីដែលចង់បាន គឺបានហើយ នោះក៏ទេដែរ។ នៅក្នុងកម្មវិធីខ្មែរយូនីកូដ តួអក្សរត្រូវបានគេដាក់នៅលើគ្រាប់ចុចនីមួយៗរបស់ក្ដារចុច ដូច្នេះហើយយើងត្រូវតែមានការប្រុងប្រយត្នខ្ពស់ពេលវាយពាក្យខ្មែរ បើមិនដូច្នោះទេ ពាក្យដែលយើងវាយនឹងមិនត្រឹមត្រូវឡើយ (សូមមើលឧទាហរណ៍ក្នុងតារាងតាមចំណុចខាងក្រោម)។

ជាក់ស្ដែង មិនថាសំណេរលើវែបសាយព័ត៌មានឬ បណ្ដាញហ្វេសប៊ុកបុគ្គលទេ សំណេរដែលមិនត្រឹមត្រូវត្រូវបានគេចែកចាយបន្តឱ្យគ្នា ជាហេតុធ្វើមនុស្សម្នាកាន់តែច្រើនយកគំរូតាមការប្រកបដែលខុសនោះ។ ផ្អែកលើបទពិសោធន៍ការងារផ្នែកភាសាវិទ្យា ខ្ញុំសូមលើកយកចំណុចដែលជាបញ្ហាមួយចំនួនដែលខ្ញុំធ្លាប់ជួបប្រទះមកបង្ហាញដើម្បីជួយដាស់ស្មារតីនិងកាត់បន្ថយកំហុស៖

១. យុគ្គលពិន្ទុ (ៈ) និង ចុចពីរ (:)

សញ្ញា​ទាំង​ពីរ​នេះ​មើល​ទៅ​ដូច​គ្នាពេល​គេ​ផ្គុំ​វា​ជា​មួយ​ព្យញ្ជនៈ តែ​វា​ខុស​គ្នា​ស្រឡះ។ យុគ្គលពិន្ទុ​ជា​របស់​ខ្មែរ ចំណែក​ឯ​ចុច​ពីរ​ជា​របស់​ឡាតាំង។ ដូច្នេះ​ យើង​ត្រូវ​ប្រើ​វា​ឱ្យ​ត្រូវ​តាម​មុខងារ​របស់​វា! ជាងនេះទៅទៀតមានការប្រើប្រាស់ខុសជាច្រើនអន្លើអំពីការប្រើយុគ្គលពិន្ទុ ឧទាហរណ៍ “លក្ខណៈ” ត្រូវបានគេសរសេរជា “លក្ខណះ” ក៏មាន។

 

ការភ័ន្តច្រឡំ ឧទាហរណ៍ បន្សំតួត្រូ​វ បន្សំតួ​ខុស
យុគ្គលពិន្ទុ (ៈ) និង
ចុចពីរឡាតាំង (:) និង ស្រៈ (ះ)
រយៈ រ យ ៈ (រយៈ) រ យ : (=រយ:)
លក្ខណៈ ល ក ្ ខ ណ ៈ (=លក្ខណៈ) ល ក ្ ខ ណ : (=លក្ខណ:)

ល ក ្ ខ ណ ះ (=លក្ខណះ)

២. ជើងព្យញ្ជនៈស្រដៀងៗគ្នា

ជើង​ព្យញ្ជនៈ​ខ្លះ​មាន​លក្ខណៈស្រដៀង​គ្នា ឬ ដូច​គ្នា​តែ​ម្ដង សូម​មើល​ឧទាហរណ៍​ខាង​ក្រោម៖

ការភ័ន្តច្រឡំ ឧទាហរណ៍ បន្សំតួត្រូ​វ បន្សំតួ​ខុស
ជើង ត (្ត) និង
ជើង ដ (្ដ)
ស្ដាំ

ក្ដី

ស ្ ដ ាំ (=ស្ដាំ)

ក ្ ដ ី (=ក្ដី)

ស ្ ត ាំ (ស្តាំ)

ក ្ ត ី (ក្តី)

ជើង ច (្ច) និង
ជើង ជ (្ជ)
បញ្ជាក់ ប ញ ្ ជ ា ក ់ (=បញ្ជាក់) ប ញ ្ ច ា ក ់ (=បញ្ចាក់)
ជើង ថ (្ឋ) និង
ជើង ធ (្ធ)
រដ្ឋ

សិទ្ធិ

រ ដ ្ ឋ (=រដ្ឋ)

ស ិ ទ ្ ធ ិ (=សិទ្ធិ)

 

រ ដ ្ ធ (=រដ្ធ)

ស ិ ទ ្ ឋ ិ (=សិទ្ឋិ)

ជើង ង (្ង) និង
ជើង ញ (្ញ)
ខ្ញុំ

 

ខ ្ ញ ុំ (=ខ្ញុំ) ខ ្ ង ុំ (=ខ្ងុំ)
ជើង ក (្ក) និង
ជើង គ (្គ)
ស្គាល់

ស្កាល់

ស ្ គ ា ល ់ (=ស្គាល់) ស ្ ក ា ល ់ (=ស្កាល់)
ជើង ស (្ស) និង
ជើង យ (្យ)
ពាក្យ ព ា ក ្ យ (=ពាក្យ)

 

ព ា ក ្ ស (=ពាក្ស)

៣. ស្រៈ

ស្រៈ​ខ្លះ​អាច​ធ្វើ​ឱ្យមាន​ការ​មិន​ស៊ីសង្វាក់​គ្នាក្នុង​ចំណោម​អ្នក​ប្រើប្រាស់ ពេល​ខ្លះ​គេ​ផ្សំ​បញ្ចូល​គ្នា​តាម​ចិត្ត​ដោយ​មិន​បាន​គិតថា​មួយ​ត្រឹមត្រូវ មួយ​ណា​មិន​ត្រឹម​ត្រូវ​ទេ។ និយាយ​ឱ្យ​ចំ​គឺ​ឱ្យ​តែ​អាន​រួច​គឺ​ជា​ការ​ស្រេច។ នេះ​ហើយ​ជា​បញ្ហា។ ឧទាហរណ៍​ខាងក្រោម​បង្ហាញ​ថា ស្រៈ “ំ” និង​ស្រៈ “ះ” គួរ​តែ​ដាក​បន្ទាប់​ពី​ស្រៈ​ផ្សេង​ទៀត​ដែល​វា​ផ្សំ​ជាមួយ ពោលគឺ ស្រៈ “ុ ា ោ”។ ចំណែក​ឯ​ស្រៈ “ោ” និង ស្រៈ “ើ” មិន​ត្រូវ​ប្រើ​ផ្សំ​គ្នា​រវាង ស្រៈ​ “េ” និង ស្រៈ “ា” ឬ ស្រៈ “ី” ឡើយ។

ការភ័ន្តច្រឡំ ឧទាហរណ៍ បន្សំតួត្រូវ បន្សំតួខុស
ស្រៈ ុំ កុំ ក ុ ំ (=កុំ) ក ំ ុ (=កំុ)
ស្រៈ ាំ ចាំ ច ា ំ (=ចាំ) ច ំ ា (=ចំា)
ស្រៈ ោ សោ ស ោ (=សោ)

 

ស េ ា (=សេា)

ស ា េ (=សាេ)

ស្រៈ ោះ កោះ ក ោ ះ (=កោះ)

 

ក េ ា ះ (=កេាះ)

ក ា េ ះ (=កាេះ)

ស្រៈ ើ តើ ត ើ (តើ) ត េ ី (=តេី)

ត ី េ (=តីេ)

៤. ការផ្គុំអក្សរខុស

ដូច​ចំណុច​ទី​៣​ដែរ ជំនួស​ឱ្យ​ការ​ស្វែងរក​តួ​អក្សរ​ដែល​ត្រឹមត្រូវ អ្នក​ប្រើប្រាស់​បែរ​ជា​យក​ព្យញ្ជនៈ​ផ្សំ​និង​ជើង​ដើម្បី​ឱ្យ​ចេញ​ជា​តួ​អក្សរ​ដែល​គេ​ចង់​បាន។ ឧទាហរណ៍ អក្សរ “ឡ” គេ​បែរ​ជា​យក​អក្សរ “ទ” មក​ផ្សំ​និងជើង “្ប” ដើម្បី​បាន​ជា “ទ្ប” តែ​នេះ​មិន​មែន​ជា​អក្សរ “ឡ” នោះ​ទេ។ សូម​មើល​ឧទាហរណ៍​ផ្សេង​ទៀត​ខាង​ក្រោម!

ឧទាហរណ៍ បន្សំតួត្រូវ បន្សំតួខុស
ឰ (តែ​មួយ​តួគត់) ព ្ ធ (=ព្ធ)
ឡ (តែ​មួយ​តួ​គត់) ទ ្ ប (=ទ្ប)

 

ឫ (តែ​មួយ​តួ​គត់) ប ្ ញ (=ប្ញ)

 

ឭ (តែ​មួយ​តួ​គត់) ព ្ ញ (=ព្ញ)
ញ (តែ​មួយ​តួ​គត់) ព ា ្ ញ (=ពា្ញ)
ព ្ ញ ា (=ព្ញា)

៥. ស្រៈពេញតួស្រដៀងៗគ្នា

  • “ឫ” និង “ឬ”
    1. ឬកពារ (ខុស) ឫកពារ (ត្រូវ)
    2. ឬស្សី (ខុស) ឫស្សី (ត្រូវ)
  • “ឭ” និង “ឮ”
    1. រឮក (ខុស) រឭក (ត្រូវ)
    2. ពញាឭ (ខុស) ពញាឮ (ត្រូវ)
  • “ឧ” “ឱ” “ឪ” និង “ឳ”
    1. ឧពុក (ខុស)
      ឱពុក (ខុស)
      ឳពុក (ខុស) ឪពុក (ត្រូវ)
    2. ឳកញ៉ា (ខុស)

ឱកញ៉ា (ខុស) ឧកញ៉ា (ត្រូវ)

បញ្ហាទាំងនេះប្រហែលជាកើតឡើងដោយសារមហាជនមិនបានស្វែងយល់ឬអានសេចក្ដីណែនាំពីរបៀបវាយពាក្យខ្មែររបស់យូនីកូដខ្មែរ។ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តដល់អ្នកប្រើប្រាស់ភាសាខ្មែរលើប្រព័ន្ធកុំព្យូទ័រក្ដី ទូរសព្ទក្ដី សូមមេត្តាជៀសវាងនូវកំហុសដែលបានរៀបរាប់ខាងលើ ហើយសរសេរឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត។ បើ​មិន​ដូច្នោះ​ទេ អក្ខរាវិរុទ្ធ​ភាសាខ្មែរ​នឹង​ច្របូកច្របល់ ហើយ​បង្ករ​ការលំបាក​ដល់​ការ​អភិរក្ស​និង​អភិវឌ្ឍ​ភាសា​ខ្មែរ​យើង។ ការ​ចេះ​តែ​ប្រើ​តាម​គ្នា​នាំ​ឱ្យ​បញ្ហា​នេះកាន់តែ​យ៉ាប់ទៅៗ តួយ៉ាង​ការ​ប្រកប​ពាក្យ “អូរឬស្សី” (ពាក្យ​ខុស) មាន​ច្រើន​ជាង “អូរឫស្សី” (ពាក្យ​ត្រូវ) ទៅ​ទៀត នេះ​បើ​មើល​លើ​តួលេខ​នេះ​ការ​ស្វែង​រក​ក្នុង​ហ្គូហ្គល។ និយាយ​ឱ្យ​ចំ នៅ​ក្នុង​ហ្គូហ្គល គេរក​ឃើញលទ្ធផលសម្រាប់​ការ​ស្វែង​រកពាក្យ “អូរឬស្សី” (ពាក្យ​ខុស) ដល់​ទៅ ២៣៧ ០០០ ខណៈ​លទ្ធផល​សម្រាប់​ពាក្យ “អូរឫស្សី” (ពាក្យត្រូវ) វិញ មាន​តែ ៣៣ ៨០០។ គំលាត​ដ៏​ធំ​នេះ​គឺ​បណ្ដាល​មក​ពី​មហាជន​យល់​ច្រឡំ​ថា​ពាក្យ​ខុស​ជា​ពាក្យ​ត្រូវទើប​នាំ​គ្នា​ប្រើច្រើន​យ៉ាង​នេះ​នៅ​លើ​បណ្ដាញ​អ៊ីនធើណេត។

ម្យ៉ាងវិញទៀត អ្វីដែលមិនអាចប្រកែកបាននោះគឺក្ដារចុចសព្វថ្ងៃពិបាកប្រើណាស់សម្រាប់អ្នកដែលមិនធ្លាប់ប្រើខ្មែរយូនីកូដនៅក្នុងកំព្យូទ័រ ព្រោះថាគេពិបាករាវរកតួអក្សរដេលគេចង់វាយ ហើយណាមួយទៀតវាត្រូវការពេលវេលាយូរដើម្បីវាយបានមួយពាក្យ។ និយាយឱ្យចំ អ្នកទើបនឹងប្រើទូរសព្ទមិនអាចស្មានឬចាំបានភ្លាមៗទេ ថាតួអក្សរណានៅត្រង់ណាឬលើគ្រាប់ចុចមួយណា ឱ្យតែឃើញស្រដៀងៗ ប្រហែលៗ ក៏ចុចយកតែម្ដង។ ហេតុដូច្នេះហើយបានជាមានកំហុសអក្ខរាវិរុទ្ធជាច្រើននៅលើអ៊ីនធើណិត(ជាពិសេសហ្វេសប៊ុកតែម្ដង)។ ប្រសិនបើអ្នក​ប្រើប្រាស់​ភាសាខ្មែរ​រាល់​គ្នា​បាន​ស្វែង​យល់​ពី​ចំណុច​ដែល​បាន​រៀបរាប់​ខាង​លើ ហើយ​បើ​មានក្ដារចុចមួយដែលអាចជួយសម្រួលដល់ការស្វែងរកគ្រាប់ចុចដែលគេចង់វាយនិងអាចកែកំហុសអក្ខរាវិរុទ្ធដែលបានរៀបរាប់ខាងលើដោយស្វ័យប្រវត្តិតែម្ដង នោះកំហុសអក្ខរាវិរុទ្ធនឹងថយចុះ ហើយគេអាចសន្និដ្ឋានបានថាក្នុងរយៈពេលប៉ុន្មានឆ្នាំទៀតអត្ថបទជាភាសាខ្មែរនៅលើបណ្ដាញអ៊ីនធើណិតទាំងមូលដែលមានភាសាខ្មែរនឹងលែងមានកំហុសអក្ខរាវិរុទ្ធទៀតហើយ៕

Advertisements

ក្ដារ​ចុច​ខ្មែរ​រៀប​គ្រាប់​ចុចតាម​អក្ខរក្រម

យើង​តែង​តែ​ឮ​ការ​រអ៊ូរទាំ​ជា​រឿយៗ ថា​គេ​ពិបាក​ប្រើប្រាស់​ក្ដារ​ចុច​ខ្មែរ​​ដោយ​សារ​មូលហេតុ​ផ្សេងៗ​ជា​ច្រើន ហើយ​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ទាំង​នោះ​គឺ ការ​ពិបាក​រក​ទីតាំង​នៃ​គ្រាប់​ចុច​នីមួយៗ។ ដោយ​ហេតុ​ថា​ក្ដារ​ចុច​ប្រើប្រាស់​លើ​ទូរសព្ទ​សព្វ​ថ្ងៃមាន​ការ​តម្រៀប​គ្រាប់​ចុច​តាម​ទីតាំង​នៃ​គ្រាប់​ចុច​អង់គ្លេស (ឬ ក្ដារ​ចុចឃ្វើធី – QWERTY Keyboard) ពោល​គឺ​ភាគច្រើនគេជំនួស​ទីតាំង​នៃ​តួ​អក្សរ​អង់គ្លេស​ដោយ​តួអក្សរ​ខ្មែរ ដោយ​មិន​គិត​ពី​ហ្វ្រ៊ីខ្វិនស៊ី​នៃ​តួ​អក្សរ​នោះៗ​ឡើយ។ ឧទាហរណ៍ គេយ​ក​តួ​អក្សរ “យ” មក​ដាក់​ត្រង់​ទីតាំង​នៃ​តួអក្សរ “Y”, “រ” – “R”, “ល” – “L”, “វ” – “V”, “ស” – “S”, “ហ” – “H” ។ល។ និង ។ល។ នេះ​ប្រហែល​ជា​មក​ពី​ឥទ្ធិពល​នៃ​ក្ដារ​ចុច​លីម៉ូន​ដែល​គេ​ធ្លាប់​ប្រើ​មុន​ពេល​ក្ដារចុច​យូនីកូដខ្មែរ​លេច​ជា​រូបរាង​ឡើង។ សូម​ប្រៀប​ធៀប​​ប្លង់​ក្ដារចុច​លីម៉ូន​ខ្មែរ និង ក្ដារចុច​យូនីកូដ​ខ្មែរ ​ខាង​ក្រោម៖

limon

ប្លង់​ក្ដារចុច​លីម៉ូន​ខ្មែរ

sbbic-khmer-unicode-keyboard

ប្លង់​ក្ដារចុច​យូនីកូដ​ខ្មែរ

ការ​តម្រៀប​ដូច​ខាង​លើប្រហែលជា​អាច​ងាយ​ស្រួល​ប្រើ​សម្រាប់​អ្នក​ដែល​ធ្លាប់​ប្រើ​ក្ដារ​ចុច​ឃ្វើធី ដើម្បី​វាយ​ភាសាអង់គ្លេស ព្រោះ​ថា​គេ​បាន​ស៊ាំ​ទៅ​នឹង​ទីតាំង​នៃ​គ្រាប់​ចុច​។

ក៏​ប៉ុន្តែ ចំពោះ​អ្នក​ដែល​មិន​ដែល​ប្រើ​ប្រាស់​ក្ដារ​ចុច​លីម៉ូន ឬ មិន​ដែល​ធ្លាប់​ប្រើ​ក្ដារ​ចុច​ខ្មែរ​សោះពី​មុន​មកទាំង​នៅ​លើ​កុំព្យូទ័រ និង​ទូរសព្ទដៃ នោះ​ប្រហែល​ជា​ជួប​ប្រទះ​នូវ​ការ​លំបាក​ច្រើន​ក្នុង​ការ​ស្វែង​រក​ទីតាំង​នៃ​គ្រាប់​ចុច​​ដើម្បី​វាយ​ឱ្យ​ចេញ​ជា​ពាក្យ។ វា​ក៏​អាច​ធ្វើ​គេ​វាយ​អក្សរ​មិន​ទាន់​ចិត្ត(យឺត) ខាត​ពេល និង ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ធុញ​ក៏​សឹង​មាន។

ហេតុ​ដូច្នេះ​ហើយ​បាន​ជាឥឡូវ គេ​ឃើញ​ក្ដារ​ចុច​ថ្មី​មួយ​ដែល​មាន​ប្លង់​ប្លែក​ខុស​ពី​មុន។ និយាយ​ឱ្យ​ចំគឺ​តួអក្សរ​នីមួយៗ​ត្រូវ​បាន​គេ​តម្រៀប​តាម​លំដាប់​អក្សរក្រម​ខ្មែរ ទាំង​ព្យញ្ជនៈ (ឧទាហរណ៍៖ ក ខ គ ឃ ង …) ទាំង​ស្រៈ (ឧទាហរណ៍៖ ា ិ ី ឹ ឺ …) ។ សូម​មើល​រូប​ខាង​ក្រោម៖

Khmer Native Keyboard on Android 1st layout

ប្លង់​ក្ដារ​ចុច​តាម​អក្ខរក្រម-ស្រទាប់​ទី១

Khmer Native Keyboard on Android 2nd layout

ប្លង់​ក្ដារ​ចុច​តាម​អក្ខរក្រម-ស្រទាប់​ទី២

ដើម្បី​ទទួល​បាន​ក្ដារចុច​នេះ​ប្រើ​ក្នុង​ទូរសព្ទ​របស់​អ្នកដោយ​ឥតគិត​ថ្លៃ​សូម​ចូល​ទៅ​កាន់ផ្លេស្តរ (Play Store) បន្ទាប់​មក​ដំឡើង ជីប៊ដ (Gboard) ឬ ចុច​លើ​តំណ​នេះ https://play.google.com/store/apps/details?id=com.google.android.inputmethod.latin ដើម្បី​ចូល​ទៅ​ផ្លេស្តរ​តែ​ម្ដង។

ខាង​ក្រោម​នេះ​ជា​របៀប​ដោនឡូដ និង ដំឡើង​ក្ដារ​ចុច​នេះតាម​ជំហាន​នីមួយៗ៖

  1. ឆែក​មើល​ថា​តើ​អ្នក​មាន​ជីប៊ដ​ហើយ​ឬ​នៅ
  2. បើ​មាន​ជីប៊ដ​ហើយ​សូម​ចុច​លើ ការកំណត់ (ឬ Setting)
  3. បន្ទាប់​មក​ចុច​លើ ភាសា & ការ​បញ្ចូល (ឬ Language & Input)
  4. បន្ទាប់​មក​ចុច​លើ ជីប៊ដ (ឬ Gboard)
  5. បន្ទាប់​មក​ចុច​លើ ភាសា (ឬ Language)
  6. ស្ក្រូល​ចុះ​ក្រោម​ដើម្បី​រក ខ្មែរ (កម្ពុជា) (ដើម) 
  7. បន្ទាប់​មក​ទៀត ចុច​ដើម្បី​ឱ្យ​វា​ដំណើរការ។

ពេល​នេះ​អ្នក​នឹង​មាន​ក្ដារ​ចុច​តាម​អក្ខរក្រម​ក្នុង​ទូរសព្ទ​របស់​អ្នក​ហើយ។ ដើម្បី​ប្រើ​ប្រាស់​វា​បាន​សូម​ជ្រើស​រើស​យកក្ដារចុច ខ្មែរ (កម្ពុជា) (ដើម)។

បើ​មាន​ចម្ងល់​សូម​ ចូល​ដាក់​មតិ​ខាង​ក្រោម ឬ ចូល​ទៅ​ហ្វេសប៊ុក​ផេក​របស់​អក្ខរាវិរុទ្ធភាសាខ្មែរ https://web.facebook.com/khmerspelling/.

ហ្គូហ្គល​អាន​ខ្មែរ​បាន

ភាសាខ្មែរជាភាសាទី៦៦ដែលត្រូវបានបញ្ចូលក្នុងកម្មវិធីបកប្រែភាសារបស់ហ្គូហ្គល នេះបើតាមទំព័របណ្ណសារចុះផ្សាយថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ របស់ហ្គូហ្គលត្រេនស្លេត (Google Translate) ផ្ទាល់។ កាលណោះ ហ្គូលហ្គលត្រេនស្លេតអាចបកប្រែភាសាខ្មែរទៅភាសាដទៃទៀតបាន តែយើងមិនអាចឱ្យវាអានពាក្យឬឃ្លាជាភាសាខ្មែរបានឡើយ។

ដោយសារមានការអាប់ដេតជាបន្តបន្ទាប់ កាលពីដើមខែធ្នូនេះ ហ្គូហ្គលត្រេនស្លេតអាចអានភាសាខ្មែរបាន។ ទោះបីជាយ៉ាងណាក៏ដោយទាំងគុណភាពនៃការបកប្រែ និង គុណភាពនៃការអាន នៅមានកម្រិតនៅឡើយ។ សម្រាប់ការបកប្រែ យើងអាចជួយកែតម្រូវបានតាមរយៈសហគមនហ្គូហ្គលត្រេនស្លេត

តោះសាកល្បងទាំងអស់គ្នា!!!

ហ្គូហ្គលត្រេនស្លេតអានខ្មែរបាន

ហ្គូហ្គលត្រេនស្លេតអានខ្មែរបាន

អភិរក្ស​ និង​​អភិវឌ្ឍ​ភាសាខ្មែរ!

កាលពីសម័យបុរាណ ភាសាត្រូវបានបុព្វបុរសខ្មែររក្សាឱ្យបានគង់វង្សសម្រាប់ឱ្យក្មេងជំនាន់ក្រោយបានស្គាល់ និងយល់ពីភាសាខ្មែរការពីសម័យលោកកំពុងរស់នៅ។ សិលាចារិកជាច្រើនត្រូវបានរកឃើញជាបន្ទាប់ ហើយអ្នកប្រាជ្ញខាងភាសាខ្មែរបុរាណក៏បានបកស្រាយឱ្យសាធារណជនបានដឹងពីប្រត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ខ្មែរ។

ក្នុងយុគសម័យកុំព្យូទ័រ តើយើងត្រូវការឆ្លាក់ចារអក្សរលើផ្ទាំងសិលាទៀតដែរឬយ៉ាងណា? តើធ្វើដូចម្ដេចទើបយើងអាចអភិរក្ស និងអភិវឌ្ឍភាសាខ្មែរទុកឱ្យកូនខ្មែរជំនាន់ក្រោយៗបាន?

ក្នុងនាមជាខេមរបុត្រម្នាក់ដែលស្រឡាញ់ភាសាខ្មែរ ខ្ញុំសូមណែនាំនិងអំពាវនាវដល់ យុវជន យុវនារី សិស្សានុសិស្ស និង កុលបុត្រខ្មែរទាំងអស់ ទាំងនៅក្នុងប្រទេសនិងឯនាយសមុទ្រ ក៏ដូចជាអ្នកជំនាញខាងភាសាខ្មែរចូលរួមចំណែកដោយរួមចំណែកក្នុងការកែតម្រូវប្រព័ន្ធបច្ចេកវិទ្យាដែលប្រើភាសាខ្មែរ ដូចជា៖

  1. ការសម្គាល់ការសរសេរដោយដៃ
  2. ការបកប្រែ
  3. ពិនិត្យមើលភាពត្រឹមត្រូវនៃការបកប្រែ និង
  4. បញ្ជាក់ភាពត្រឹមត្រូវនៃការបកប្រែផែនទី។

ដើម្បីអាចរួមចំណែកក្នុងមហាបេសកម្មនេះបាន លោកអ្នកត្រូវដំឡើងកម្មវិធីមួយ៖ CrowdSource ដែលបានបង្កើតឡើងដោយក្រុមហ៊ុនហ្គូហ្គល (Google) ក្នុងគោលបំណងអភិវឌ្ឍភាសាខ្មែរក្នុងប្រព័ន្ធទូរសព្ទ និងកុំព្យូទ័រឱ្យបានកាន់តែល្អឡើងៗ។ ដើម្បីចូលទៅផ្លេស្តរដើម្បីដំឡើងកម្មវិធីនេះសូមចុចលើរូបខាងក្រោយ

crowdsource01

CrowdSource ក្នុងផ្លេស្តរ

ពេលដំឡើងរួចរាល់ហើយ ចុចបើក នោះលោកអ្នកនឹងឃើញ(ដូចរូបខាងក្រោយ)៖

ផ្ទាំងស្វាគមន៍របស់កម្មវិធី Crowdsource

ផ្ទាំងស្វាគមន៍របស់កម្មវិធី Crowdsource

សូមចុចលើចាប់ផ្ដើម បន្ទាប់មករើសភាសាដែលលោកអ្នកចេះ (ឧទាហរណ៍៖ ខ្មែរ អង់គ្លេស ជាដើម)៖

crowdsource02a

រើសភាសា (អង់គ្លេស និង ខ្មែរ)

បន្ទាប់មកចុចលើ “រួចរាល់” នោះលោកអ្នកនឹងឃើញផ្ទាំងដូចខាងក្រោយលេចឡើង៖

crowdsource03

អ្វីដេលលោកអ្នកអាចចូលរួមបាន

មកដល់ត្រឹមនេះ លោកអ្នកប្រកដជាដឹងហើយថាត្រូវធ្វើយ៉ាងណា!

សូមអរគុណសម្រាប់ការសហការដោយចំណាយពេលវេលានិងចំណេះដឹងដើម្បីអភិរក្សនិងអភិវឌ្ឍភាសាខ្មែរឱ្យកាន់តែប្រសើរឡើង!!!

សម្រាប់ចម្ងល់ ឬ សំណូមពរសូមផ្ញើរសារមកកាន់ KhmerSpelling នៅលើទំព័រហ្វេសប៊ុក ឬ អ៊ីមែល khmerspelling@gmail.com ក៏បាន។

ចន្លោះ​មើល​មិន​ឃើញ​ (ZWSP)

Zero Width Space (ZWSP: U+200B) ឬក៏ហៅជាភាសាខ្មែរថា “ចន្លោះមើលមិនឃើញ”។ តើចន្លោះមើលមិនឃើញជាអ្វី? គេប្រើវាដើម្បីអ្វី? តើវាមានគុណសម្បត្តិ និង គុណវិបត្តិអ្វីខ្លះ?

យោងតាមឯកសារស្ដីពី “របៀបវាយយូនីកូដខ្មែរ(លើកុំព្យូទ័រ)” ទំព័រទី១២ ចន្លោះមើលមិនឃើញជាចន្លោះដែលគេប្រើសម្រាប់ខណ្ឌចែកពាក្យមួយនិងពាក្យមួយទៀត ដើម្បីឱ្យប្រព័ន្ធកុំព្យូទ័រដឹងព្រំដែនរបស់ពាក្យ(word boundary) និង អាចដឹងពីកន្លែងដែលត្រូវចុះបន្ទាត់។ ចំពោះភាសាអង់គ្លេស គេប្រើដំណកឃ្លាធម្មតា(white space) ដូច្នេះគេមិនចាំបាច់ប្រើចន្លោះមើលមិនឃើញដូច ភាសាខ្មែរ ឡាវ ភូមា -ល- ទេ។ ជាទូទៅ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានតាមបណ្ដាញអ៊ីធើណេតភាគច្រើនប្រើប្រាស់ចន្លោះមើលមិនឃើញដើម្បីចៀសវាងការចុះបន្ទាត់មិនត្រឹមត្រូវ។

ថ្មីៗនេះមានបញ្ហាមួយបានកើតឡើងបង្កជាការភ្ជាក់ផ្អើលដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ រាល់ឃ្លា ល្បះ អត្ថបទ ដែលមានចន្លោះមើលមិនឃើញ ត្រូវបានជំនួសដោយសញ្ញាសួរក្នុងប្រអប់ពណ៌ខ្មៅ (� REPLACEMENT CHARACTER)។ បណ្ដាញសារព័ត៌មានមួយចំនួនបានចុះថា៖ () សញ្ញាសួរនេះលេចឡើងដោយសារចន្លោះមើលមិនឃើញត្រូវបានលុបចេញ () ហ្វេសប៊ុកបានបន្ថែមសញ្ញានេះពេលគេប្រើចន្លោះមើលមិនឃើញ (គ្រុយ វណ្ណា) តែគេមិនដឹងពីមូលហេតុនៅឡើយទេ។

អ្វីដែល “អក្ខរាវិរុទ្ធភាសាខ្មែរ”សង្កេតឃើញនៅពេលនេះគឺថា បញ្ហានេះពិតជាបណ្ដាលមកពីប្រព័ន្ធបង្ហាញរបស់ហ្វេសប៊ុក ព្រោះថាសញ្ញាសួរ(�)នេះ លេចឡើងតែក្នុងហ្វេសប៊ុកប៉ុណ្ណោះ (សូមមើលរូបខាងក្រោម)៖

zwsp on fb

សញ្ញា(�)លេចឡើងក្នុងហ្វេសប៊ុករបស់វិទ្យុអាស៊ីសេរី

ប៉ុន្តែនៅពេកគេចុចលើលីងនោះដើម្បីបើកមើល គេមិនឃើញមានសញ្ញា(�)នេះឡើយ (សូមមើលរូបខាងក្រោម)៖

zwsp on rfa website

គ្មានសញ្ញា(�) លេចឡើងលើវែបសាយថ៍របស់វិទ្យុអាស៊ីសេរីទេ

មកទល់នឹងពេលនេះ ទំព័រសារព័ត៌មានសប្បាយ(Sabay News) បានលើកឡើងនូវដំណោះស្រាយមួយដែលថាមានអ្នកជំនាញមួយរូបអះអាងថា៖ “បើមិនចង់ឱ្យមានសញ្ញា(�)លេចឡើង លើហ្វេសប៊ុក ត្រូវឈប់ប្រើចន្លោះមើលមិនឃើញ (ZWSP) ព្រោះថាវាមិនសូវមានសារៈសំខាន់”។ តាមពិតទៅចន្លោះមើលមិនឃើញប្រហែលជាមិនសូវសំខាន់ក្នុងការសរសេរលើហ្វេសប៊ុក តែសម្រាប់វែបសាយសារព័ត៌មានផ្សេង ប្រសិនបើមិនប្រើចន្លោះនេះទេ ពាក្យខ្លះនឹងត្រូវបំបែកខុសកន្លែង និងនាំឱ្យពិបាកអាននិងអាក្រក់មើល។ ឧទាហរណ៍ថា គេសរសេរពាក្យ “សំរាប់” នៅខាងចុចបន្ទាត់ តែដោយសារមិនមានកន្លែងគ្រប់គ្រាន់ ពាក្យនេះក៏បែកជាពីចំណែក “សំ” និង “រាប់” (មួយផ្នែកនៅចុងបន្ទាត់ខាងលើ មួយផ្នែកទៀតនៅបន្ទាត់ខាងក្រោម)។ ដោយសារមូលហេតុនេះហើយបានជាគេដាក់ឱ្យប្រើចន្លោះមើលមិនឃើញដើម្បីងាយស្រួលកំណត់ថាត្រង់ណាអាចបំបែកបាន ត្រង់ណាបំបែកមិនបាន។

គុណសម្បត្តិដ៏ល្អផ្សេងៗ ទៀតរបស់ចន្លោះមើលមិនឃើញគឺ៖

ទោះជាយ៉ាងណាក្ដី ប្រសិនបើអ្នកប្រើប្រាស់ទាំងអស់គ្នាសហការស្វែងយល់និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ នោះបញ្ហានេះនឹងប្រសើរឡើង ជាជាងការគេចវេសពីបញ្ហាដោយអំពាវនាវឱ្យឈប់ប្រើចន្លោះមើលមិនឃើញជាដើម។

របៀប ដោនឡូត ដំឡើង និង ប្រើប្រាស់ ក្ដារសរសេរដៃ

អក្ខរាវិរុទ្ធ​ភាសាខ្មែរ​ធ្លាប់​បាន​បង្ហាញ​ម្ដង​រួច​មក​ហើយ​ពី​វត្តមាន​នៃ ក្ដារសរសេរដៃ (handwriting input) នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ អ៊ែនដ្រយ។ សូម​បញ្ជាក់​ផង​ដែរ​ថា ក្ដារសរសេរ​ដៃ​នេះ​ជា​កម្មវិធី​មួយ​ដែល​យើង​អាច​ប្រើ​ដើម្បី​សរសេរ​ពាក្យ​ខ្មែរ​បាន​ដូចក្ដារ​ចុច​​ធម្មតា​ដែរ តែ​ចំណុច​ពិសេស​របស់​ក្ដារសេរសរដៃ​នេះ​គឺ​ “បើ​យើង​ចេះ​សរសេរ​អក្សរ​ខ្មែរ យើង​នឹង​អាច​ប្រើ​វាបាន” ដោយ​មិន​ចាំ​បាច់​ព្យាយាម​រក​គ្រាប់​ចុច​នៃ​តួ​អក្សរ​មួយៗ​ឡើយ។

ដើម្បី​អាច​ប្រើ​ក្ដារសរសេរដៃ​ដ៏​ទំនើប​នេះ​បាន យើង​ត្រូវ​ធ្វើ​តាម​លំដាប់​លំដោយ​ខាង​ក្រោម៖

១. រក Google Handwriting Input នៅ​ក្នុង Play Store
២. ចុច Install​ ហើយ Accept
៣. ចុច Open
៤.
៤.១ បើកឱ្យ ‘Google Handwriting Input’ ដំណើរការ
៤.២ រើស​យក ‘Google Handwriting Input’ ដើម្បី​ប្រើ
៤.៣ ជ្រើសរើស​ភាសា ‘Khmer’
៤.៤ ដោនឡូត​កញ្ចប់​ភាសា​ខ្មែរ
៥. សាកល្បង​សរសេរដោយ​ប្រើ​ម្រាម​ដៃ ឬ ស្តាយល័រ
(អូស​មក​ក្រោយ​ដើម្បី​លុប​មួយ​តួ​ម្ដងៗ)
(គូរ​រូប​បង្ហាញ​ទឹក​មុខ)
៦. ប្រើ​ក្ដារ​សរសេរ​ដៃ​ដើម្បី​រក​ “អង្គរវត្ត” ក្នុង Google

ប្រសិន​បើ​មាន​​សំណួរ សូម​ទាក់​ទង​មក​កាន់ mkrlab@gmail.com ឬ comment នៅ​ខាង​ក្រោម.

ក្ដារ​សរសេរ​ដៃ​នេះ​ផ្ដល់​ជូន​ដល់​ឥត​គិត​ថ្លៃ​ពី ហ្គូហ្គល ផ្លេស្តរ

 

សម្រាប់​ក្ដារ​ចុច​ផ្សេងៗ ដែល​ពេញ​និយម​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ អ៊ែនដ្រយ មាន​ដូចជា៖
១. ក្ដារចុច​ ឆ្លាត​វៃ
២. ក្ដារ​ចុច ភូមិ
៣. ក្ដារចុច ស្តង់ដារ
៤. ក្ដារចុច ហ្គូហ្គល

ថា​ម៉េច? មាន “​ក្ដារ​សរសេរ​ដៃ” ភាសាខ្មែរ?

តាម​ពិត​ទៅ​​មិន​មែន​ជា​រឿង​ថ្មី​ឯណា​ដែល​ថា​គេ​មាន​ក្ដារសរសេរ​ដៃ​សម្រាប់​ភាសា​ដទៃ តែ​ប្រហែល​ជា​មិន​សូវ​មាន​នរណា​ដឹង។ អញ្ចឹង​​ “​អក្ខរាវិរុទ្ធ​ភាសាខ្មែរ” សុំ​ចែក​រំលែក​ដំណឹង​នេះ​ឱ្យ​អ្នក​រាល់​គ្នា​បាន​ដឹង។ បើ​និយាយ​ពី​ក្ដារ​ចុច​ភាសា​ខ្មែរ​វិញ នរណា​ក៏​ដឹង​ដែរ តែ​បញ្ហា​គឺ​ត្រង់​ថា​វាយ​បាន​ត្រូវ​ឬ​អត់ ដូច​ជា​យ៉ាប់​​បន្តិច ព្រោះ​ថា​យើង​ត្រូវ​តែ​ដឹង​ថា​គ្រាប់​ចុច​ណា​ត្រូវ​ប្រើ​ប៊ូតុង​ណា។ បើ​មិន​អញ្ចឹង​ទេ ខ្មាស​គេ​ហើយ…។ សម្រាប់ក្ដារ​សរសេរ​នេះ​មាន​លក្ខណៈ​ពិសេស​ត្រង់​ថា យើង​អាច​ចាប់​ផ្ដើម​ប្រើ​យក​តែ​ម្ដងដោយ​មិន​បាច់​ខ្វល់​ពី​ទីតាំង​គ្រាប់​ចុច​ណា​សម្រាប់​តួ​អក្សរ​ណា​ទេ។ អេម…

រហូត​មក​ដល់​ពេល​នេះ​ក្ដារ​សរសេរ​ដៃ ឬ ហៅ​ជា​ភាសា​អង់គ្លេស​ថា “Handwriting Input” ដែល​បង្កើត​ដោយ​ក្រុម​ហ៊ុន​បច្ចេកវិទ្យាយក្ស “ហ្គូហ្គល” មក​ទល់​នឹង​បច្ចុប្បន្ន​នេះ មាន​ភាសា​ដែល​អាច​សរសេរ​ដោយ​ដៃ​បាន​ចំនួន​ ៨២​ ហើយ ហើយ​ភាសាខ្មែរ​យើង​ជា​ភាសា​មួយ​ក្នុង​នោះ​ដែរ។ ឡូយ!!!

លក្ខណៈ​ពិសេស​៖

  • សម្រាប់​ប្រើ​ជា​ជំនួយ​ដល់​ការ​វាយ​អក្សរ​ដោយ​ប្រើ​ក្ដារចុច ឬ សំឡេង
  • គ្រាន់​តែ​សរសេរ​ធម្មតា​ដូច​ គេ​សរសេរ​នឹង​ដីស​លើ​ក្ដារ​ឈ្នួន​អញ្ចឹង​
  • មាន​ការ​ព្យាករណ៍​ពាក្យ​ដែល​យើង​កំពុង​តែ​សរសេរ​ទៀត
  • ចំពោះ​ភាសាខ្មែរ​យើង យ៉ាប់​ត្រង់​មាន​តួ​អក្សរ​ច្រើន (ព្យញ្ជនៈ ជើង ស្រៈ វណ្ណយុត្ត …) បើ​ប្រើ​ក្ដារ​ចុច​វិញ ទាល់​តែ​ប្រើ​យូរ​ទើប​ស៊ាំ តែ​ក្ដារសរសេរ​នេះ នឹង​ធ្វើ​ឱ្យ​យើង​ញញឹម​បិទ​មាត់​មិន​ជិត… ហិហិហិ…។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ “ហ្គូហ្គល​ផ្លេ” ហើយ​រក​កម្មវិធី “ក្ដារសរសេរដៃ” ឬ “Handwriting Input” ហើយ​ដំឡើង​វា បន្ទាប់​មក​រើស​យក​ភាសា​ខ្មែរ។ (សេចក្ដី​លម្អិត​ពី​ក្ដារសរសេរ​នេះ។)

ក្ដារ​សរសេរ​ដៃ (ភាសាខ្មែរ)

ក្ដារ​សរសេរ​ដៃ (ភាសាខ្មែរ)

បើ​មាន​ចម្ងល់សូម​​កុំ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទាក់​ទង​មក​កាន់ “អក្ខរាវិរុទ្ធ​ភាសាខ្មែរ”។

ចង់​ដឹង​ថា​វា​យ៉ាង​ម៉េច តោះ​សាកល្បង​ទាំង​អស់​គ្នា…