ច្បាប់​ពាក្យ​ចាស់

(បទព្រហ្មគិត)

(១) ពាក្យ​ចាស់​ពាក្យ​ពី​ព្រេង ទោស​ខ្លួន​ឯង​មើល​មិន​យល់
 ទោស​គេ​តូច​សោតសល់ រមិល​យល់​ប៉ុន​ទាំង​ភ្នំ។
(២) ចូល​ព្រៃ​សត្វ​សាហាវ រក​អំពាវ​គ្នា​មក​ជុំ
បាន​ស្ករ​និង​ទឹក​ឃ្មុំ ពួន​សំងំ​ឆី​ម្នាក់​ឯង។
(៣) បាន​ហើយ​ចង់​បាន​ទៀត ឆ្លៀត​ហើយ​ឆ្លៀត​ពុំគិត​ឈ្វេង
មើល​យល់​តែ​ម្នាក់​ឯង មិន​យល់​គេ​ឯទៀត​ផង។
(៤) និង​ស៊ី​ចង់​ពិសា ខ្ជិលទំពា​ឱ្យ​ហ្មត់ហ្មង
យល់​នាម​ថា​ជា​មង យល់ឯ​ជង​ថា​ជា​កួយ។
(៥)  យល់​តា​ថា​ជីដូន យល់់ឯកូន​ថា​ជា​ក្មួយ
យល់​ពីរ​ថា​ជា​មួយ យល់​ឯព្រួយ​ថា​ជា​សុខ។
(៦)  យល់​ទោស​ថា​ជា​គុណ យល់​ឯបុណ្យ​ថា​នរក
 យល់​ល្អ​ថា​អាក្រក់ យល់​លាមក​ថា​ជា​ផ្កា។
(៧)  ស្លៀក​ស្បង់​មិន​កោរ​សក់ ឆ្លុះ​កញ្ចក់​ធ្មេច​នេត្រា
 យល់​សេះ​ថា​ជា​លា យល់​គជា​ថា​កណ្ដុរ។
(៨) នេះ​ពាក្យ​លោក​ពី​ព្រេង អ្នក​ណា​ឈ្វេងប្រាជ្ញា​យល់
ឃើញ​ថ្លុក​កុំ​ថា​ថ្នល់ ក្រែង​កំហល់កំហុស​មាន។
(៩)  អ្នក​ប្រាជ្ញ​កាន់​ពាក្យ​ទៀង កុំ​លម្អៀងពាក្យ​បុរាណ
កុំ​ដើរ​ផ្លូវ​បំពាន ពាក្យ​អ្នក​ចាស់​លោក​ដៀល​ថា។
(១០)  ពាក្យ​នេះ​ពី​ព្រេង​ព្រឹទ្ធ គួរ​ឱ្យ​គិត​ពិចារណា
 កុំ​អួត​អង្គ​អាត្មា ថា​ចំណេះ​ចំណាំ​មាន។
(១១)  ដេក​យប់​កុំ​ដេក​យូរ ខ្លាច​ក្ដី​ទូរជន​ដល់​ប្រាណ
បើ​ស៊ី​កុំ​តាម​ឃ្លាន គិត​ប្រមាណ​គ្រប់​គ្នី​គ្នា។
(១២)  លើក​ដាក់​តាម​កម្លាំង កុំ​ពើច​ខ្លាំង​ឈឺ​ដល់​ស្មា
 ប្រើ​គេ​ប្រើ​​ឱ្យ​​ត្រា កុំ​ស៊ាំស៊ន​រន​ចៅរ៉ៅ។
(១៣)  ទោះគិត​កុំ​រួសរាន់ គិត​​ឱ្យ​​គ្រាន់​ទើប​ដើរ​ទៅ
 កុំ​​ឱ្យ​មាន​អាស្រូវ កើត​ដំនៀល​ដល់​អាត្មា។
(១៤)  កុំ​យក​ឆ្អិន​ជា​ឆៅ កិច្ច​ក្នុង​ក្រៅ​មាន​តម្រា
 កុំ​អាង​ឯង​ប្រាជ្ញា ចោល​ច្បាប់​ក្បួន​លោក​ព្រេង​នាយ។
(១៥)  ស្រដី​​​ឱ្យ​ស្រួល​ស្រេច គិត​សេច​គ្រេច​កុំ​គិត​ងាយ
 រំពឹង​​​ឱ្យ​​វែង​ឆ្ងាយ យល់​លង្វែក​ពាក្យ​លោក​ថា។
(១៦)  ពាក្យ​ព្រេង​លោក​ស្រដី ថា​កុំបី​ចិញ្ចឹម​ខ្លា
 ពាក្យ​ព្រេង​លោក​ឧបមា គិត​ត្រង់​ណា​ធ្វើ​​​ឱ្យ​បាន។
(១៧)  កាន់​ក​ពស់​​​​ឱ្យ​​ខ្ជាប់ ក្រែង​ក្រឡាប់​ខាំ​ឯ​ប្រាណ
 អូស​ទូក​កុំ​​​ឱ្យ​​ល្អាន ទឹក​ថ្លា​សោត​កុំ​​​​ឱ្យ​​ល្អក់។
(១៨)  ស្លឹក​ឈើ​ឥត​កម្រើក បើ​កក្រើក​ត្បិត​ខ្យល់​បក់
 ទឹក​ថ្លា​ល្គឹក​បើ​ល្អក់ ត្បិត​រលក​ខ្លាំង​សោះសា។
(១៩)  យល់​តូច​កុំ​ខិត​ខំ គួរ​សន្សំ​យក​ជា​គ្នា
 បាន​ច្រើន​កុំ​ខំពារ សន្សឹម​ក្សិណ​តិចៗ​ទៅ។
(២០)  អ្នក​មាន​រក្សា​ខ្សត់ ដូច​សំពត់​ព័ទ្ធ​ពី​ក្រៅ
 អ្នក​ប្រាជ្ញ​រក្សា​ខ្លៅ ដូច​សំពៅ​នូវ​សំប៉ាន។
(២១)  អ្នក​ខ្ពស់​រក្សា​ទាប ដោយ​សភាព​ធម៌​បុរាណ
 អ្នក​ឆ្អែត​រក្សា​ឃ្លាន នា​អ្នក​រុង​រក្សា​ឆ្មារ។
(២២)  រក្សា​ទៅ​មុខ​រឹង ឥត​កំដឹង​អស់​អម្បាល
 ចំណេរ​ចីរកាន់​កាល ដូច​របង​ស្រាស់​បន្លា។
(២៣)  កុំ​ឆ្អែត​ពេក​តែ​ឯង មិន​គិត​ក្រែង​អស់​គ្នី​គ្នា
 គេ​ឃ្លាន ឃ្លានផ្ទៃផ្សា ​​ឱ្យ​​ឆីរ៉ា​បាន​ឆ្អែត​ផង។
(២៤)  កុំ​មាន​ចិត្ត​លលើ ពឹង​ក្រពើ​​​ឱ្យ​ចម្លង
 កុំ​កាច់​អុស​របង វាំង​ចំណារ​ឯ​អាត្មា។
(២៥)  មាន​ទូក​ហើយ​មាន​ថ្នោល មាន​បង្គោល​មាន​យុថ្កា
 ទាំង​ពួរ​ទាំង​ច្រវា ក្រជឹង​ចាប់​ដោយ​នូវ​គ្រប់។
(២៦)  ប្រយត្ន​ក្រែង​ព្យុះ​ខ្យល់​ បក់​បោក​ដល់​នឹង​ទល់​ទប់
 ប្រយត្ន​ប្រយោជន៍​គ្រប់ ទើប​ហៅ​ជាក់​មាន​គំនិត។
(២៧)  ពាក្យ​ព្រេង​គិត​គួរ​ចាំ ជា​បណ្ដាំ​ប្រដៅ​ចិត្ត
 ពាក្យ​ព្រេង​ពាក្យ​ព្រេង​ព្រឹទ្ធ មុខ​គួរ​គិត​ គិត​​​ឱ្យ​​គ្រាន់។
(២៨)  ពាក្យ​នេះ​ជា​សណ្ដាប់ ទុក​ជា​ច្បាប់​ទៀត​ជាក់​ស្បាន់
 ពាក្យ​នេះ​ជា​កំណាន់ កំណត់​នៅ​ឥត​ឃ្លាតឃ្លា។
(២៩)  សូរេច​នូវ​និទាន ពាក្យ​ទូន្មាន​ដោយ​ប្រការ
 អម្បាល​នេះ​ឯង​ណា ចាំ​ទុក​កាយ​គ្រប់​គ្រាន់​​ហោង៕
(សម្រួល​អក្ខរាវិរុទ្ធ​ដោយ​អន្លើ)
អត្ថបទ​ដក​ស្រង់​ពី​ច្បាប់​ផ្សេងៗ
ពុទ្ធសាសនបណ្ឌិត្យ ១៩៧៤