អំពី​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ

គេហ​ទំព័រ​នេះ​បាន​​កើត​ចេញ​ពី​ឆន្ទៈ​ក្នុង​ការ​ជួយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើងនូវ​ ការ​ប្រើប្រាស់​អក្ខរាវិរុទ្ធ​ខ្មែរ​ដែល​មាន​ក្បួន​ច្បាប់​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​ពី​​រាជបណ្ឌិត​សភា​កម្ពុជា រួម​ទាំង​គំនិត​​ដើម្បី​គិត​ពិចារណា​បន្ត​ទៀត​ដើម្បី​ឱ្យ​មាន​ការ​ឯកភាព​គ្នា​មួយ​ចៀស​វាង​ការ​ប្រកប​កប​ដែល​ខុស​ឆ្គង។

សង្ឃឹម​ថា​អ្វីៗ​ដែល​នៅ​ក្នុង​គេហទំព័រ​នេះ​អាច​ជា​ប្រទីប​​​​ជួយ​បំភ្លឺ​​នូវ​សេចក្តីដែល​គួរ​ដឹងដល់​សាធារណជន​ផងដែរ។ គោលបំណង​ដ៏​ចម្បង​​នៃ​ការ​បង្កើត​ទំព័រ​នេះ​ឡើង​គឺ ជួយ​ផ្សព្វ​ផ្សាយ​ពី​ក្បួន​ច្បាប់​ដែល​បាន​អនុម័ត​ដោយ​គណៈ​កម្មាធិការ​ជាតិ​ភាសាខ្មែរ​នៃ​រាជបណ្ឌិត​សភា​កម្ពុជា (INL-RAC) និង​ប្រភព​ផ្សេងៗ ទៀត ។
ខ្ញុំ​រីក​រាយ​នឹង​ទទួល​នូវ​ការ​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា​ពី​គ្រប់​មជ្ឈដ្ឋាន។

សូម​អរគុណ​ដែល​បាន​ទស្សនា!

អាសយដ្ឋានសារ​អេឡិច​ត្រូនិក៖ khmerspelling@gmail.com

6 thoughts on “អំពី​អក្ខរាវិរុទ្ធ​ភាសា​ខ្មែរ

  1. នាងខ្ញុំចង់ដឹងអំពីពាក្យ ឃុបឃិត។​ បើយោងតាមវចនានុក្រមសម្ដេចសង្គ្រាជជូនណាត គ្មានពាក្យឃុបឃិតនេះទេ តែគេសរសេរថា គប់គិត ដែលមានថា រួមគំនិត។ សូមអរគុណ

    • អរគុណ​ច្រើន​សម្រាប់​សំណួរ​ដ៏​ល្អ​នេះ។

      វចនានុក្រម​ខ្មែរ​ត្រូវ​បាន​បោះ​ពុម្ព​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ​១៩៦៧ (គ្រា​ទី​៥)។ រហូត​មក​ដល់​ពេល​នេះ​​គឺ​ប្រមាណ​ជាកន្លះ​សតវត្សរ៍​ទៅ​ហើយ ហើយ​​នេះ​មិន​មែន​ជា​កំហុស​របស់​នរណា​ទេ ប៉ុន្តែ​ភាសា​តែង​តែ​វិវឌ្ឍ​ទៅ​តាម​ពេល​វេលា​និង​ការ​ប្រើប្រាស់​របស់​មនុស្ស។

      បើ​យើង​រក​មើល​ពាក្យ​ដដែល​នេះ​ក្នុង​វចនានុក្រម​ ខ្មែរ-អង់គ្លេស របស់​លោក រ៉ូបឺត ហ៊ែដលី (Robert Headley) បោះពុម្ព​ឆ្នាំ ១៩៩៧ (៣០​ឆ្នាំ​បន្ទាប់​ពី ការ​បោះពុម្ព​គ្រា​ទី​៥​របស់​វចនានុក្រម​សម្ដេច​ជួន ណាត) វិញ យើង​នឹង​ឃើញ​ពាក្យ​នេះ (http://dictionary.tovnah.com/?word=%E1%9E%83%E1%9E%BB%E1%9E%94%E1%9E%83%E1%9E%B7%E1%9E%8F&dic=headley&criteria=word)។

      ម្យ៉ាង​វិញ​ទៀត ការ​ប្រើប្រាស់​របស់​ពាក្យ ឃុបឃិត នេះ​មាន​ចំនួន​ច្រើន​លើស​លុប​នៅ​ក្នុង​ឯកសារ​និង​សារព័ត៌មាន​ផ្លូវ​ការ​នានា។ តួយ៉ាង ប្រសិន​បើ​យើង​ស្វែង​រក​ពាក្យ “ឃុបឃិត” និង “គប់គិត” ក្នុង​ហ្គូហ្គល (google) យើង​នឹង​ឃើញ​ “ឃុបឃិត” លេចឡើងដល់​ទៅជាង ២៨៦០០០ដង ចំណែក​ឯ “គប់គិត” វិញ មាន​តែប្រមាណ ៤០០​ដង​ប៉ុណ្ណោះ។ នេះ​បញ្ជាក់​ថា គេ​និយម​ប្រើ​ “ឃុបឃិត” ​ជាង “គប់គិត”។

      សរុប​សេចក្ដី​មក ភាសា​កើត​ឡើង​ពី​ការ​ប្រើប្រាស់​ ហើយ​តម្រូវ​ឱ្យ​មាន​ការ​អាប់ដេត​ទៅ​តាម​សម័យកាល ដោយ​ផ្អែក​ទៅ​លើ​ក្បួនច្បាប់​នៃ​ការ​បង្កើត​ពាក្យ សរសេរ​ពាក្យ និង ប្រកប​ពាក្យ។

      (ភាសា​រស់​ជា​ភាសា​ដែល​មាន​ការ​វិវឌ្ឍ​ឱ្យ​ប្រសើរ​ឡើង​សម្រាប់​ការ​ប្រើប្រាស់!)
      បំណង​ល្អ​ពី “អក្ខរាវិរុទ្ធភាសាខ្មែរ”

  2. ខ្ញុំ​ពេញ​ចិត្ត​នឹង​ការ​ចែក​រម្លែក​លើ​វែប​សាយ​នេះណាស់​។ សូម​អរគុណ។ ខ្ញុំ​រៀនសូត្រ​បាន​ច្រើន និង​បង្កើន​ចំណេះ​ភាសាខ្មែរ​កាន់​តែច្រើន។

    ខ្ញុំសុំ​សួរ​ពាក្យ​មួយ ដែល​ឃើញ​បង​ប្រើ គឺ​ពាក្យ​គេហទំព័រ («សង្ឃឹម​ថា​អ្វីៗ​ដែល​នៅ​ក្នុង​គេហទំព័រ​នេះ​អាច​ជា​ប្រទីប…»)។ នេះ​មិន​មែន​ជាការ​បន្តុះ​បង្អាប់ទេ តែ​ជាការ​ពិភាក្សា ព្រោះ​ឃើញ​គេ​ប្រើ​ពាក្យ​«គេហទំព័រ​»នេះ​ច្រើន ដោយ​ចង់សំដៅ​ទៅ​លើ​ពាក្យ website។ បើ​តាម​ខ្ញុំ​យល់ «គេហទំព័រ» យើង​បក​ពី​ភាសា​អង់គ្លេស​ «Home Page»។ ពាក្យ​ថា​ Home Page នេះ​សំដៅ​ដល់​«ទំព័រ​ដើម​តែ​មួយគត់» គឺ​មិនមែន​គ្រប់ទំព័រ​ទាំងអស់​នៅ​លើ Website ទេ។ ខ្ញុំ​ឃើញ​គេ​ប្រើ​ពាក្យ​គេហ​ទំព័រ​ច្រើន ដោយ​ចង់​សំដៅ​ថា Website។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​វា​មិន​ទាន់ត្រឹមត្រូវ​ទេ។ ទំព័រ​របស់​ website ជាទូទៅ​មាន​ពីរ​ប្រភេទគឺ Home Page និង (Web) Page ធម្មតា។ Home Page គឺ​ទំព័រ​ដើម (ឬ គេហទំព័រ)។ ចំណែក​ពាក្យ web page ឬwebsite ខ្មែរ​យើង​ហាក់ដូច​ពុំទាន់​មាន​ពាក្យ​​នេះទេ។

    ឧទាហរណ៍៖
    Home Page (ទំព័រ​ដើម ឬ​គេហទំព័រ) ​របស់​បងគឺ https://khmerspelling.wordpress.com
    ទំព័រដទៃ​ទៀត https://khmerspelling.wordpress.com/about/https://khmerspelling.wordpress.com / …. (ឈ្មោះអាស័យដ្ឋាន​តាម​ទំព័រ​នីមួយៗ) ជាដើម
    សរុប​ទាំង​អស់ វា​បង្កើត​បាន​ជា វែបសាយ​មួយ (ជាបណ្តាញ​/សំណាញ់​នៃ​បណ្តុំទំព័រ​​)

    ដូច្នេះ ឃើញ​មាន​ការ​ប្រើ​ពាក្យ​ថា គេ​ហទំព័រ សំដៅ​លើពាក្យ website ឬ web pageទៅវិញ។ ខ្លាច​តែនាំ​គ្នា​ប្រើ​កាន់តែច្រើន យូរៗ​ទៅ វាក្លាយ​ទៅ​ជាធម្មតា​​ទៅវិញ ប៉ុន្តែ​វា​ខុស​ពី​​លក្ខណៈ​បច្ចេកទេស​របស់​បច្ចេក​វិទ្យា​ ឬ​របស់​រចនា​សម្ព័ន្ធ​របស់​ website។ តើ​បង​យល់​យ៉ាង​ណា​ដែរ? សូម​ជួយ​ណែនាំ។

    • សូម​អរគុណ​ច្រើន​សម្រាប់មតិយោបល់​ដ៏​ល្អនេះ។ ជា​ការ​ពិត​ដែល​ថា​ “គេហទំព័រ” សំដៅ​លើ “Home Page” របស់​ “website” មួយ តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី ពាក្យ “គេហទំព័រ” ត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយទៅ​ហើយ។ ជាង​នេះ​ទៅ​ទៀត គេ​ក៏ប្រើវា​សំដៅ​លើ “Web page” ផង​ដែរ។ សរុប​មក វា​ហាក់​បី​ដូច​ជា​មិន​ជា​ទាស់​ខុស​អី​ក្នុង​ការ​ប្រើ​ពាក្យ “គេហទំព័រ” សម្រាប់​បរិបទ​នេះ​ទេ វៀរលែង​តែមាន​ពាក្យ​ខ្មែរ​ផ្សេង​ដែល​អាច​ប្រើ​សម្រាប់​ “Web page”។ (សូម​មើល https://km.wikipedia.org/wiki/%E1%9E%82%E1%9F%81%E1%9E%A0%E1%9E%91%E1%9F%86%E1%9E%96%E1%9F%90%E1%9E%9A)

      អរគុណ!
      អក្ខរាវិរុទ្ធភាសាខ្មែរ

  3. អរ​គុណ​បង​ដែល​បាន​ឆ្លើយ។ វា​ពិត​មែន​ហើយ​ដែល​គេ​នាំគ្នា ប្រើ​គេ​ហទំព័រ​សំដៅ​លើ​ website/page ទាំងមូល។ ឃើញ​ link wikipedia ដែល​បង​បង្ហាញ​ហើយ។ នេះ​ខ្ញុំ​គិត​ថា អ្នកបញ្ចូល គាត់ប្រហែល​បញ្ចូល​ទៅ​តាម​ការ​និយម​ប្រើប៉ុណ្ណោះ (ពីព្រោះ​នរណា​ក៏​អាច​កែប្រែ wikipedia បានដែរ។ អ្នក​បញ្ចូល​និយមន័យនេះ​ អាច​យល់​បច្ចេក​ទេស​ពត៌មានវិទ្យា IT ប៉ុន្តែ​គាត់​ដាក់ទៅ​តាម​ការ​និយមប្រើ ឬ​ក៏​ គាត់​អាច​មិន​យល់​បច្ចេក​​តែ​ម្តង​ក៏​ថាបាន)។

    ខ្ញុំ​ធ្លាប់បាន​សង្កេត​និន្នាការ​នេះ​តាំងពី​ជាង​១០ឆ្នាំ​ហើយ (ពិធីករ​តាម​ទូរទស្សន៍​ក្តី កាសែតក្តី ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ) គេ​តែ​ង​នាំគ្នា​ហៅ​ថា «សូម​ចូលទៅ​កាន់​គេហទំព័រ www ចុច….ចុច com» អី អញ្ចឹងទៅ ដែលអាសយដ្ឋាន​នេះ​ ភាគច្រើនជា Home Page (ព្រោះធម្មតា​គេ​តែង​តែ​ឱ្យ​ចូល​ទៅ​មើល​ home pageហើយ ព្រោះវាខ្លី វា​ជាទំព័រ​ដើម)។ ​កាល​នោះ សម្រាប់​ខ្មែរ​យើង បច្ចេកវិទ្យា​ព័ត៌មាន​វានៅ​ថ្មីថ្មោង​ដែរ ក៏​ចេះ​តែ​ប្រើ​ពាក្យ​ គេហទំព័រ​នេះ​តាម​គ្នា​ទៅ​។ លុះ​ដល់​សាធារណៈជន​អ្នក​ស្តាប់ អ្នក​មើល គេ​គិត​ថា គេហទំព័រ​នេះ​សំដៅ​លើ website (ពីព្រោះ​ពួកគាត់​មិនមែន​អ្នក​បច្ចេក​ទេស ប្រហែល​ជា​មិន​ដឹង​ថា website បែងចែក​ចេញជា home page និង pages ធម្មតា) ដូច្នេះ ​គេ​ចេះ​តែ​ប្រើ​ដូច្នេះ​តៗ​គ្នា​ទៅ​រហូត​ដល់​សព្វថ្ងៃ។

    នេះ​ខ្ញុំ​គ្រាន់តែ​​ចែករម្លែក​ការ​សង្កេត​ឃើញ​ទំនោរ​នៃ​ការ​ប្រើ​ពាក្យ​នេះប៉ុណ្ណោះ។ សម្រាប់​ទស្សនៈ​អ្នក​បច្ចេកទេសIT វាមិនត្រឹមត្រូវ​ទៅ​តាម​បច្ចេកទេសទេ ហើយ​នៅពេល​ដែល​គេ​ប្រើ​គ្រប់​គ្នាទៅ ទោះបី​ខុស(ខុស​បច្ចេកទេស)​ ក៏​វាទៅ​ជាត្រូវ​វិញ។ ប៉ុន្តែ​ សម្រាប់​ទស្សនៈ​ផ្នែក​ភាសា ខ្ញុំ​មិន​ហ៊ាន​ថាវា​ខុសទេ ព្រោះ យើង​នាំគ្នា​ប្រើ​អញ្ចឹងទៅហើយ។

    បង​យល់​យ៉ាងណា​ដែរ​ករណីនេះ? ចង់ស្តាប់​មតិ​បង​ដែល​ជាអ្នក​ជំនាញ/​ស្រលាញ់​ផ្នែក​ភាសា។

    សូម​លើក​ទឹកចិ្ត​ឱ្យ​បង​បន្ត​ចែករំលែក​ឯកសារ​ភាសាខ្មែរ​ឱ្យ​បាន​ច្រើន និងទូលំទូលាយ។ ភាគច្រើន​ពិបាករកឯកសារ​ណាស់​តាម​ Internet។ ឃើញ​ page បស់​បង​មាន​ព័ត៌មាន​ច្រើ​ន​ក្រែល។ អរគុណបង។

    • សូម​អរគុណ​ជា​ថ្មី​ម្ដង​ទៀតសម្រាប់​ការ​គាំទ្រ​និង​យក​ចិត្ត​ទុកដាក់​លើ​ភាសាខ្មែរ​យើង។ ក្នុង​ករណី​នេះ ខ្ញុំ​មិន​ហ៊ាន​អាកាត់​ថា​យ៉ាង​ណាៗ នោះ​ទេ។ បើ​តាម​ខ្ញុំ​ដឹង​នៅ​ពេល​ខាង​មុខ​នឹង​មាន​វចនានុក្រម​អក្ខរាវិរុទ្ធ​ដើម្បី​ជួយ​ឱ្យ​យើង​ដឹង​ថា​សរសេរ​បែបណា​ត្រឹមត្រូវ​ បែបណា​មិន​ត្រឹម​ត្រូវ ឬ បែប​ណា​ត្រឹមត្រូវ​ជាង​គេ។

      ប្រសិន​បើ​​ចង់​រួម​ចំណែក​ក្នុង​ប្រកាស​ថ្មី​លើ​ទំព័រ​នេះ ឬ មាន​ចម្ងល់​អ្វី​មួយ សូម​ផ្ញើ​សារ​អេឡិចត្រូនិក​មក​កាន់​អាសយដ្ឋាន​ខាងលើ។ ខ្ញុំ​នឹង​ព្យាយាម​ស្រាវជ្រាវ​​ជូន!

ឆ្លើយតប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s