យើងតែងតែឮការរអ៊ូរទាំជារឿយៗ ថាគេពិបាកប្រើប្រាស់ក្ដារចុចខ្មែរដោយសារមូលហេតុផ្សេងៗជាច្រើន ហើយបញ្ហាមួយក្នុងចំណោមបញ្ហាទាំងនោះគឺ ការពិបាករកទីតាំងនៃគ្រាប់ចុចនីមួយៗ។ ដោយហេតុថាក្ដារចុចប្រើប្រាស់លើទូរសព្ទសព្វថ្ងៃមានការតម្រៀបគ្រាប់ចុចតាមទីតាំងនៃគ្រាប់ចុចអង់គ្លេស (ឬ ក្ដារចុចឃ្វើធី – QWERTY Keyboard) ពោលគឺភាគច្រើនគេជំនួសទីតាំងនៃតួអក្សរអង់គ្លេសដោយតួអក្សរខ្មែរ ដោយមិនគិតពីហ្វ្រ៊ីខ្វិនស៊ីនៃតួអក្សរនោះៗឡើយ។ ឧទាហរណ៍ គេយកតួអក្សរ “យ” មកដាក់ត្រង់ទីតាំងនៃតួអក្សរ “Y”, “រ” – “R”, “ល” – “L”, “វ” – “V”, “ស” – “S”, “ហ” – “H” ។ល។ និង ។ល។ នេះប្រហែលជាមកពីឥទ្ធិពលនៃក្ដារចុចលីម៉ូនដែលគេធ្លាប់ប្រើមុនពេលក្ដារចុចយូនីកូដខ្មែរលេចជារូបរាងឡើង។ សូមប្រៀបធៀបប្លង់ក្ដារចុចលីម៉ូនខ្មែរ និង ក្ដារចុចយូនីកូដខ្មែរ ខាងក្រោម៖

ប្លង់ក្ដារចុចលីម៉ូនខ្មែរ

ប្លង់ក្ដារចុចយូនីកូដខ្មែរ
ការតម្រៀបដូចខាងលើប្រហែលជាអាចងាយស្រួលប្រើសម្រាប់អ្នកដែលធ្លាប់ប្រើក្ដារចុចឃ្វើធី ដើម្បីវាយភាសាអង់គ្លេស ព្រោះថាគេបានស៊ាំទៅនឹងទីតាំងនៃគ្រាប់ចុច។
ក៏ប៉ុន្តែ ចំពោះអ្នកដែលមិនដែលប្រើប្រាស់ក្ដារចុចលីម៉ូន ឬ មិនដែលធ្លាប់ប្រើក្ដារចុចខ្មែរសោះពីមុនមកទាំងនៅលើកុំព្យូទ័រ និងទូរសព្ទដៃ នោះប្រហែលជាជួបប្រទះនូវការលំបាកច្រើនក្នុងការស្វែងរកទីតាំងនៃគ្រាប់ចុចដើម្បីវាយឱ្យចេញជាពាក្យ។ វាក៏អាចធ្វើគេវាយអក្សរមិនទាន់ចិត្ត(យឺត) ខាតពេល និង ធ្វើឱ្យអ្នកប្រើប្រាស់ធុញក៏សឹងមាន។
ហេតុដូច្នេះហើយបានជាឥឡូវ គេឃើញក្ដារចុចថ្មីមួយដែលមានប្លង់ប្លែកខុសពីមុន។ និយាយឱ្យចំគឺតួអក្សរនីមួយៗត្រូវបានគេតម្រៀបតាមលំដាប់អក្សរក្រមខ្មែរ ទាំងព្យញ្ជនៈ (ឧទាហរណ៍៖ ក ខ គ ឃ ង …) ទាំងស្រៈ (ឧទាហរណ៍៖ ា ិ ី ឹ ឺ …) ។ សូមមើលរូបខាងក្រោម៖

ប្លង់ក្ដារចុចតាមអក្ខរក្រម-ស្រទាប់ទី១
ប្លង់ក្ដារចុចតាមអក្ខរក្រម-ស្រទាប់ទី២
ដើម្បីទទួលបានក្ដារចុចនេះប្រើក្នុងទូរសព្ទរបស់អ្នកដោយឥតគិតថ្លៃសូមចូលទៅកាន់ផ្លេស្តរ (Play Store) បន្ទាប់មកដំឡើង ជីប៊ដ (Gboard) ឬ ចុចលើតំណនេះ https://play.google.com/store/apps/details?id=com.google.android.inputmethod.latin ដើម្បីចូលទៅផ្លេស្តរតែម្ដង។
ខាងក្រោមនេះជារបៀបដោនឡូដ និង ដំឡើងក្ដារចុចនេះតាមជំហាននីមួយៗ៖
- ឆែកមើលថាតើអ្នកមានជីប៊ដហើយឬនៅ
- បើមានជីប៊ដហើយសូមចុចលើ ការកំណត់ (ឬ Setting)
- បន្ទាប់មកចុចលើ ភាសា & ការបញ្ចូល (ឬ Language & Input)
- បន្ទាប់មកចុចលើ ជីប៊ដ (ឬ Gboard)
- បន្ទាប់មកចុចលើ ភាសា (ឬ Language)
- ស្ក្រូលចុះក្រោមដើម្បីរក ខ្មែរ (កម្ពុជា) (ដើម)
- បន្ទាប់មកទៀត ចុចដើម្បីឱ្យវាដំណើរការ។
ពេលនេះអ្នកនឹងមានក្ដារចុចតាមអក្ខរក្រមក្នុងទូរសព្ទរបស់អ្នកហើយ។ ដើម្បីប្រើប្រាស់វាបានសូមជ្រើសរើសយកក្ដារចុច ខ្មែរ (កម្ពុជា) (ដើម)។
បើមានចម្ងល់សូម ចូលដាក់មតិខាងក្រោម ឬ ចូលទៅហ្វេសប៊ុកផេករបស់អក្ខរាវិរុទ្ធភាសាខ្មែរ https://web.facebook.com/khmerspelling/.