ស្រៈ “អ៊ា” និង ស្រៈ “អៀ/អ៊ៀ” ខុស​គ្នា​ត្រង់​ណា?

យើង​ឃើញ​ថា​នា​សម័យ​បច្ចុប្បន្ន​នេះ សិស្សានុសិស្ស​ភាគ​ច្រើន​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ប្រកប​ពាក្យ​​ខ្មែរ។ ជួន​កាល​ពាក្យ​ដែល​ងាយៗ ស្រួលៗ តែ​បែរ​ជា​សរសេរ​មិន​ត្រូវ​តាម​អក្ខរាវិរុទ្ធ បើ​ជា​ពាក្យ​ពិបាកៗ ទៅ មិន​ថា​ទេ តែ​គ្រាន់​តែ​ផ្សំ​ស្រៈ​នឹង​ព្យញ្ជនៈ​​ឱ្យ​ត្រូវ​តាម​សូរ​សំឡេង​ក៏​យ៉ាប់​ដែរ។

មូលដ្ឋាន​គ្រឹះ​នៃ​ការ​ប្រកប​គឺ៖

  • ព្យញ្ជនៈ​ពួកអ៊ ផ្សំ​នឹង​សូរ​ស្រៈ​ពួកអ៊
  • ព្យញ្ជនៈ​ពួក​អ ផ្សំ​នឹង​សូរ​ស្រៈ​ពួក​អ

ធម្មតាៗ…

តែ​ម៉េច​បាន​ចេះតែ​សរសេរ​ខុស​ច្រើន​ម្ល៉េះ…

ងាក​មក​ប្រធាន​បទ​របស់​យើង​វិញ  មាន​ជនានុជន​ភាគ​ច្រើន​បាន​ច្រឡំ​គ្នា​រវាង​ស្រៈ​ “អ៊ា” និង ស្រៈ “អៀ/អ៊ៀ” ឧទាហរណ៍៖ ពាក្យ “ទាប និង ទៀប”, “គាប និង គៀប”, “​ជ្រាប និង ជ្រៀប”, “ឃ្នាប និង ឃ្នៀប”, ។ល។ តើ​ស្រៈ​ទាំង​ពីរ​នេះ​មាន​សូរ​ដូច​គ្នា​មែន​ឬ​មិន​មែន? ខាង​ក្រោម​នេះ​ជា​លទ្ធ​ផល​ស្រាវជ្រាវ​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ស្រៈ​ទាំង​នេះ អញ្ចឹង​សូម​ពិចារណ​ទាំង​អស់​គ្នា៖

  • លោក​បណ្ឌិត ហ្សង់ មីស៊ែល ហ្វ៊ីលីពី និង ហៀប ច័ន្ទ​វិចិត្រ (“ឯកសារ​ណែនាំ អំពី​សូរវិទ្យា” បោះពុម្ព​នៅ​ឆ្នាំ​២០០៩) បាន​បង្ហាញ​ពី​សូរអាន​នៃ​ស្រៈ​ “អ៊ា” នៅ​ទំព័រ​ទី ១៨២ ថា /iɜ/ តំណាង​ឱ្យ​សូរ​ស្រៈ “អ៊ា” តែ​មិន​បាន​បង្ហាញ​ពី​សូរ​ស្រៈ​ “អៀ/អ៊ៀ” ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី នៅក្នុង​ផ្នែក​ខាង​ចុង​នៃ​សៀវភៅ​នោះ​ដដែល លោក​បាន​សរសេរ​សូរ​អាន​បែប​សទ្ទតាវិទ្យា​​នៃពាក្យ​ “ទៀត” ថា /tt/ និង​ពាក្យ​ផ្សេងៗ ទៀត​ជាច្រើន​ដូច​បង្ហាញ​ជូន​ខាង​ក្រោម។
    ពាក្យ​ប្រកប​នឹង​ស្រៈ “អ៊ា” និង សំណេរ​បែប​សទ្ទតា​វិទ្យា
    ទា                /t/ (ទំ.១៨២)
    ពាក្យ            /pk/ (ទំ.២០១ ប.១)
    មាន             /mn/ (ទំ. ២០១ ប.១)
    ព្យាង្គ            /pjŋ/ (ទំ.២០១ ប.១)
    វា                  /β̞/ (ទំ.២០១ ប.៣)
    ជា                 /c/ (ទំ.២០១ ប.៥)
    គ្នា                 /kn/ (ទំ.២០១ ប.៥)
    មាស             /m/ (ទំ.២០១ ប.៩ រាប់​ពី​ក្រោម)
    ឃ្លាន             /kln/ (ទំ.២០១ ប.៧ រពកក្រ)
    គុយទាវ         /kojtβ̞/ (ទំ.២០១ ប.៦ រពកក្រ)
    ពាក្យ​ប្រកប​នឹង​ស្រៈ “អៀ/អ៊ៀ” និង សំណេរ​បែប​សទ្ទតា​វិទ្យា
    សំនៀង         /sɒmnŋ/ (ទំ.២០១ ប.១)
    រៀបការ         /rpkaː/ (ទំ.២០១ ប.៣ រពក្រ)
    ភ្ញៀវ              /pɲβ̞/ (ទំ.២០១ ប.២ រពក្រ)
    ជប់លៀង      /coplŋ/ (ទំ.២០១ ប.២ រពក្រ)
    ទៀត             /tt/ (ទំ.២០១ ប.៤ រពក្រ)
    ដូច្នេះ លោក​ហាក់​ដូច​ជា​បាន​សន្មត​ថា​សូរ​ស្រៈ​ទាំង​ពីរ​គឺ​ដូច​គ្នា។
  • លោក ហូហ្វមែន ហ្វ្រែងគ្លីន (“Cambodian System of Writing and Beginner Reader with Drills and Glossary”: 1970) ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​សូរ​ស្រៈ​ “អ៊ា” និង ស្រៈ “អៀ/អ៊ៀ” ដូច​គ្នា តួយ៉ាង នៅ​ទំព័រ​ទី​១០៦ លោក​បាន​បញ្ជាក់​ថា៖ “[…] the value of ៀ is the same as the 2nd series value of ា. Write the following syllable three ways: /tiən/, /kiən/, /phiəŋ/:
    តៀន ទៀន ទាន
    កៀត គៀត គាត
    ផៀង ភៀង ភាង”
    ដែល​មាន​ន័យ​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា៖ “ស្រៈ​ ៀ មាន​សូរ​ដូច​នឹង ស្រៈ អ៊ា ឃោសៈ​ដែរ ហើយ​គេ​អាច​សរសេរ​ពាក្យដែល​មាន​សូរ​បែប​សទ្ទតាវិទ្យា /tiən/, /kiən/, /phiəŋ/ បាន​បី​បែប គឺ៖ តៀន ទៀន ទាន, កៀត គៀត គាត, ផៀង ភៀង ភាង។
  • ចំណែក​ឯ​លោកស្រី យ៉ាកុប ជូឌីត (“Introduction to Cambodian” 1968: 29-30) បាន​សរសេរ​ថា៖ “អ៊ា” /ʔíːə/ ហើយ “អៀ/អ៊ៀ” /ʔíə/ ដែល​បាន​ន័យ​ថា​ស្រៈ​ទាំង​ពី​នេះ​មិន​ដូច​គ្នា​ទាំង​ស្រុង​ទេ ជាក់​ស្ដែង​គឺ​ អ៊ា មាន​សំឡេង​វែង​ជាង អៀ/អ៊ៀ បន្ដិច។
    ជាង             /cíːəŋ/ (ទំ.៣១ ប.២ រពក្រ)
    ចង្កៀង         /cɔŋkiəŋ/ (ទំ.៣៨ ប.៩)
    ដូច្នេះ អ្នក​ស្រី​យ៉ាកុប​សន្និដ្ឋាន​ថា ស្រៈទាំង​ពី​នេះ​មាន​ប្រវែង​សូរ​ខុស​គ្នា។
  • មាន​ភាសាវិទូ​ម្នាក់​ទៀតដែល​បាន​រៀបរៀង​វចនានុក្រមខ្មែរ-អង់គ្លេស គឺ​លោក​រ៉ូបឺត ហែតលី (១៩៧៧៖ xxi-xxii)។ ក្នុង​សេចក្ដី​ផ្ដើម​នៃ​វចនានុក្រមនោះ​ លោក​បាន​កត់​ទុក​ថា “អ៊ា” មាន​សូរអានបែប​សទ្ទតាវិទ្យា /ie/ ហើយ “អៀ/អ៊ៀ” /iə/ ហើយ​លោក​មិន​បាន​បក​ស្រាយ​អ្វី​ឡើយ។

ដោយ​មិន​មាន​ការ​មូល​មតិ​គ្នា​លើ​ការកត់សូរអាន​នៃ​ស្រៈទាំងពីរ​នេះ ខ្ញុំ​សូម​ឱ្យ​ប្រិយមិត្ត​អ្នក​អាន​​សង្កេត​មើល​​ជាក់ស្ដែង​​ទៅ​លើ​​ពាក្យ​​មួយ​ចំនួន​ខាងក្រោម ដែល​អាច​ឱ្យ​យើង​ដឹង​ថា​យ៉ាង​ណាៗ។ ពាក្យ​ទាំង​នោះ​មាន​ដូចជា៖

ទាប & ទៀប
ជាម & ជៀម
គ្រាម & គ្រៀម
ជាន & ចៀន
លាន & លៀន
លាង & លៀង
មាន & មៀន
ឈាង & ឆៀង
ព្រាង & ព្រៀង ។ល។

តើ​ពាក្យ​ទាំង​នេះ​មាន​សូរអាន​ដូច​គ្នា​ឬ​ទេ?

ដើម្បី​ឱ្យ​ប្រាកដ​ថា​សូរ​អាន​នៃ​គូ​នីមួយ​ៗ​ខាង​លើ​យ៉ាង​ណា​ សូម​អាន​បង្អូស​សំឡេង​ស្រៈ​ឱ្យ​វែងបន្តិច​​ហើយ​ផ្ដោត​ទៅ​លើ​សំណូរ​ទាំង​ពីរ​នោះ។

ឧទាហរណ៍៖
ទា​ា​ា​ា​ា​ា​ា….ប និង ទៀ​ៀ​ៀ​ៀ​ៀ​ៀ​ៀ….ប
លា​ា​ា​ា​ា​ា​ា….ន និង លៀ​ៀ​ៀ​ៀ​ៀ​ៀ​ៀ​….ន ។ល។

សូម​បញ្ចេញមតិ​ផ្ទាល់​ខ្លួន ថាតើ​សំណូរ​នៃ​ស្រៈ​​ក្នុង​ពាក្យ​ទី​មួយ​និង​ទីពីរ​​ពិត​ជា​ដូច​គ្នា​មែន​ឬយ៉ាង​ណា?

“អក្ខរាវិរុទ្ធ​ភាសាខ្មែរ” សូម​អរគុណ…!

Advertisements

ឆ្លើយតប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s