ព្យាង្គ​តម្រួត ឬ ព្យាង្គ​រាយ

យោង​តាម​ការ​ស្នើ​សុំ​របស់​លោក​ឡុច.ផ្លែង ឱ្យ​សរសរ​ពាក្យ​ពីរ​ព្យាង្គ​ជា​ព្យាង្គរាយ អង្គ​ប្រជុំ​បាន​សម្រេច​ឱ្យ​សរសេរ​ជា​ព្យាង្គ​រាយ​តាម​ធម្មតា​ ដូចជា៖ សំលាប់ តំលៃ កំសាន្ត លំអ ទំលាប់ កំរង តំរួត សំរាប់ សំដី សំលេង ចំការ…។

បញ្ហា​នេះ​អស់​លោក​ចូរ​ពិចារណា​ដោយ​ខ្លួន​ឯង​ផង​ចុះ បើ​តាម​ព្រះ​តម្រិះ​យល់​ឃើញ​របស់​សម្តេច ជ.ណ លោក​ឱ្យ​សរសេរ​តាម​ដើម​កំណើត​នៃ​ពាក្យ​នោះៗ បើ​ជា​ព្យាង្គ​តម្រួត ទោះ​ក្លាយ​ទៅ​ណា​ក៏​​នៅ​ជា​ព្យាង្គ​តម្រូត​ដដែល ដូចជា៖ ស្រេច > សម្រេច, ស្លាប់ > សម្លាប់, ល្អ > លម្អ, ស្រាប់ > សម្រាប់, ស្គាល់ > សម្គាល់, ឆ្ការ > ចម្ការ …។

មាន​ពាក្យ​ខ្លះ​ដូចជា សំឡេង សម្លាញ់ សម្តី សំឡី សំដៅ … តាម​សម្ដេច​ឱ្យ​សរសេរ​តាម​វចនានុក្រម តែ​យើង​អាច​សរសេរ​បែប​ណា​ក៏បាន ពីរឬបី​ប្រភេទ ដូចជា៖
សំឡេង សំលេង សម្លេង, សំឡាញ់ សំលាញ់ សម្លាញ់, សំឡី សំលី សម្លី, ដំរាប់ ដម្រាប់ តំរាប់ តម្រាប់, ចំការ ចម្ការ, ចំរើន ចម្រើន, ជំងឺ ជម្ងឺ, សំដី សម្ដី, ចំលើយ ចម្លើយ …
សរសេរ​យ៉ាង​នេះ មិន​​ខុស​អ្វី​ឡើយ​ គ្រាន់​តែ​ច្រើន​បែប​បន្តិច។ ខ្ញុំ​ពោល​នេះ​មិន​មែន​យល់​តាម​គំនិត​ខ្លួន​ឯង ហើយ​ផាត់​វចនានុក្រម​ចោល​ទេ ដោយ​យោល​តាម​ការ​ពិភាក្សា​របស់​គណៈកម្មការរៀបចំអក្សរសាស្ត្រ (មើលកំណត់​សម្គាល់​ខាង​ក្រោម​) លោក​មិន​ហ៊ាន​កែប្រែ​ទម្លាប់ ដែល​ធ្លាប់​ប្រើ​ស្ទាត់​ដៃ​យូរ​មក​ហើយ​ទេ ដូច្នេះហើយ​បាន​ជា​វចនានុក្រម​ខ្មែរ ​មិន​ត្រូវ​បាន​ដាក់​ចូល​ជា​សម្បត្តិ​រាជការ ព្រោះ​ទុក​ឱកាស​អនុគ្រោះ​ដល់​បញ្ញវន្ត​ខ្មែរ​ជំនាន់​ក្រោយៗ បើ​ដាក់​ជា​សម្ប្តត្តិ​រាជការ​ហាក់​ដូច​ជា​បង្ខំ​គេ​ឱ្យ​ប្រើ​តាម​ទាំង​អស់​គ្នា​ដោយ​ដាច់​ខាត ហើយ​បើ​អ្នក​ណា​ចង់​កែ​ប្រែ​កន្លែង​ណា​មួយ​ត្រូវសុំ​ច្បាប់​ពី​រាជរដ្ឋាភិបាល​សិន បើ​មិន​ដូច្នោះ​ឈ្មោះ​ថា​ខុស​ច្បាប់។ ដោយ​ហេតុ​នេះ​ហើយ​ ត្រូវ​ទុក​ឱកាស​ឱ្យ​គេ​សិនចុះ បើ​អ្នក​ណា​មិន​ត្រូវ​ការ​ប្រើ​តាម​ក៏​ឥត​កំហុស​អ្វី​ឡើយ យូរៗទៅ​គង់​តែ​នឹង​ប្រើ​តាម​ទាំង​អស់​គ្នា​ឯងៗ ទៅទេ។

*កំណត់​សម្គាល់៖
១. កិរិយាសព្ទ ឬ គុណសព្ទ​ទោល​គឺ​មាន​អក្សរ​មិន​តម្រួត ឬ មិន​គ្រវាត់ មិន​ផ្ញើជើង ដល់​ចេញ​មក​ជា​នាម​សព្ទ​ត្រូវ​ត្រូវ​ប្រើ​រាយ​តួ​ដូចជា៖

កត់ (កិ) > កំណត់ (ន)
កាត់ (កិ) > កំណាត់ (ន)
ដឹង (កិ) > ដំណឹង (ន)
ដើរ (កិ) > ដំណើរ (ន)
តូច (គុ) > តំណូច (ន)
ទាប (គុ) > ទំនាប (ន)
ធំ (គូ) > ទំហំ (ន)
កែន (កិ) > កំណែន (ន)
ចង់ (កិ) > ចំណង់ (ន)
ឈាន (កិ) > ជំហាន (ន)
កល់ (កិ) > កំណល់ (ន)
គុំ (កិ) > គំនុំ (ន)
ជិះ (កិ) > ជំនិះ (ន)
ខុស (គុ) > កំហុស (ន)
(មិន​ប្រើ​តម្រួតជា កម្នត់ កម្នាត់ ដម្នឹង តម្នូច ទម្លាយ កម្នល់ កម្នែន គម្នុំ ចម្នង់ ជម្និះ ជម្ហាន កម្ហុស ជាដើមទេ) ។ល។

២. កិរិយាសព្ទ ឬ គុណសព្ទដែល​មាន​អក្សរ​តម្រួត ឬ ផ្ញើរ​ជើង​គ្រវាត់ ដល់​ចេញ​មក​ជា​នាម​សព្ទ​ត្រូវ​តែ​តម្រួត​ដូចគ្នា៖

ក្រង (កិ) > កម្រង (ន)
គ្រប (កិ) > គម្រប (ន)
ច្រូត (កិ) > ចម្រូត (ន)
ត្រាស់ (កិ) > តម្រាស់ (ន)
ត្រេក (កិ) > តម្រេក (ន)
ស្ល (កិ) > សម្ល (ន)
ក្រាល (កិ) > កម្រាល (ន)
ឃ្លាន (កិ) > គម្លាន (ន)
ជ្រក (កិ) > ជម្រក (ន)
ត្រិះ (កិ) > តម្រិះ (ន)
ស្រេក (កិ) > សម្រេក (ន)
ឆ្ការ (កិ) > ចម្ការ (ន)
ស្ដី (កិ) > សម្តី (ន)
ក្រ (គុ) > កម្រ (ន)
ជ្រៅ (គុ) > ជម្រៅ (ន)
ច្រើន (គុ) > ចម្រើន (កិ)
ក្រាស់ (គុ) > កម្រាស់ (ន)
ខ្ជិល (គុ) > កម្ជិល (ន)

សេចក្តី​ខាង​លើ​ខ្ញុំ (ម្ចាស់​ប្លក់) បាន​ដក​ស្រង់​ពី​សៀវភៅភាសា​ខ្មែរដែល​រៀបរៀង​ដោយ អគ្គទត្តោ គល់-សុភាព (វត្ត​និគ្រោធវ័ន) ទំ. ១២២-១២៤ និង ១៥១-១៥២។

Advertisements

10 thoughts on “ព្យាង្គ​តម្រួត ឬ ព្យាង្គ​រាយ

  1. “សំឡេង”⁣សរសេរបែបនេះត្រឹមត្រូវជាងគេ⁣⁣ រីឯពាក្យ⁣⁣ “ឃុបឃិត” ត្រូវជំនួសដោយពាក្យ “គប់គិត ((កិ). រួមគមនិតគ្នា គិតរួមគ្នា)” វិញទើបប្រសើរត្រឹមត្រូវ។ ឃុបឃិត⁣⁣ គ្មានអត្ថន័យទាល់តែសោះ ហេតុនេះគណៈកម្មការភាសាជាតិ ត្រូវតែពិចារណាឡើងវិញ។ អរគុណ

    • បាទ ប្រាកដ​ណាស់ ព្រោះ​​ក្នុង​ការ​ចុះ​ផ្សាយ​មុន​ http://wp.me/p2IxZD-15 បាន​បង្ហាញ​ពី​របៀប​នៃ​ការ​ប្រកប​ពាក្យ​នឹង “ល” ឬ “ឡ”។ ចំណែក​ពាក្យ​ “ឃុបឃិត” ដែល​បង​បាន​លើក​ឡើង​ជា​ចំណុច​ល្អ ហើយ​​ទាមទារ​ឱ្យ​មាន​ការ​សិក្សា​បន្ថែម​ទៀត​ពី​ឬស​គល់​នៃ​ពាក្យ​នេះ។ សូម​អរគុណ!

      • អរគុណបងដូចគ្នា ដែលមានពេលដកស្រង់ពាក្យយកមកដាក់ ដើម្បីស្វែងយល់ និង ពិភាក្សាទាំងអស់គ្នា ក្នុងនាមជាខ្មែរ ។ សង្ឃឹមថា យើងយក wordpress ធ្វើជាវេទិការដ៏មានប្រយោជន៍ សម្រាប់អក្សរសាស្ដ្រ ដោយផ្អែកលើទស្សនៈត្រឹមត្រូវរបស់សម្ដេចសង្ឃ ជួន ណាត និង លោកបណ្ឌិត កេង វ៉ាន់សាក់ ។ មួយវិញទៀត ខ្ញុំសង្កេតឃើញ ជនរួមជាតិកម្ពុជាក្រោម ប្រើប្រាស់ពាក្យបានត្រឹមត្រូវជាង ខ្មែរនៅកម្ពុជា។

      • សង្ឃឹម​ថា​សេចក្តី​​ទាំង​អម្បាលម៉ាន​នេះ​នឹង​ជួយ​ជាប្រយោជន៍​ដល់​សាធារណជន​​ក្នុង​ការ​ស្វែងយល់ និង យក​ទៅ​ពិចារណាដើម្បី​ឱ្យ​អក្សរសាស្ត្រ​ខ្មែរ​យើង​បាន​ប្រសើរ​ឡើង។ ខ្ញុំ​បាន​ដក​ស្រង់​​ចំណុច​សំខាន់ៗ មួយ​ចំនួន​​ពី​ឯកសារ​ដើម​​ដែល​បាន​កត់​ត្រាទុក​ ទាំង​ចាស់ និង ថ្មី​ ហើយ​ការ​ប្រើប្រាស់​ពាក្យ​ខ្មែរ​ឬភាសាខ្មែរ​​រីកចម្រើន​ទៅ​បាន​គឺ​អាស្រ័យ​លើ​យើង​រាល់គ្នា​។ សូម​អរគុណ​ជាថ្មី​ម្ដង​ទៀត​សម្រាប់​មតិ​យោបល់​ដ៏​មាន​ប្រយោជន៍​​អំពី​ពាក្យ “គប់គិត”។ 🙂

      • គ្រប់យ៉ាងមានហើយ ខ្មែរគ្រាន់តែបន្ដ ថែរក្សា ការពារ ស្វែងរកបន្ថែម បង្កើតថ្មីឲ្យសមស្របអាចទទួលយកបាន ប្រើប្រាស់ឲ្យត្រឹមត្រូវតាមក្បួនច្បាប់ ទើបវឌ្ឍនភាពនៃភាសាជាតិបានរុងរឿងតរៀងទៅ ។ 🙂 ប្រសិនបើអាច គួរតែបង្ហាញឈ្មោះរបស់បងនៅលើប្លក់ផង ដើម្បីជាការស្គាល់គ្នា

      • ប៉ុន្តែ​អ្វី​ដែល​មាន​ស្រាប់​ទាំង​នោះ ពុំមែន​សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់​ទេ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​វិទ្យាស្ថាន​ភាសាជាតិ​​​បាន​និង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​កិច្ច​ការ​ទាំង​នេះ។ ខ្ញុំ​មាន​អាសយដ្ឋាន​សារអេឡិចត្រូនិក​ហើយ បង​ប្រុស​អាច​ទាក់ទង​បាន។ ខ្ញុំ​រីករាយ​ណាស់​ដែល​មាន​អ្នក​មាន​ចំណាប់​អារម្មណ៍​លើ​វិស័យ​អក្សរសាស្ត្រ​ដូច​គ្នា​បែបនេះ។ រីករាយ​ដែល​បាន​ស្កាល់!

      • ប្រាកដណាស់​ ពាក្យចាស់ខ្លះក៏មិនប្រាកដថាត្រឹមត្រូវឥតខ្ចោះ​ ហើយពាក្យដែលទើបបង្កើតថ្មីខ្លះក៏មិនប្រាកដថាត្រឹមត្រូវឥតខ្ចោះ​ដែរ​ ប៉ុន្តែអ្វីដែលសំខាន់គឺ​ ត្រូវមានហេតុផលសំអាងទៅតាមសម័យកាលឲ្យបានសមស្រប​​ និង ត្រូវមានលក្ខណៈជាសកល !!

  2. “សំអាង” គួរតែ​សរសេរជា “សម្អាង” ត្រឹមត្រូវ​ជាង​ព្រោះ​ពាក្យ​នេះ​មក​ពី​ពាក្យ​ឫស “ស្អាង”។ ចំណែក​ឯពាក្យ “ឲ្យ” គួរ​តែ​សរសេរ​ជា “ឱ្យ” វិញ​ព្រោះ​ថា​ ឲ មិន​មែន​ជា​តួ​អក្សរ​ក្នុង​ភាសា​ខ្មែរ​ឡើយ ពោល​គឺ​គ្រាន់​តែ​ជា​ការ​សរសេរ​គ្រវាស​ដោយ​ដៃ។

      • ជូន​ចំពោះ ភួង ភិរម្យ៖​ សូម​អរគុណ​សម្រាប់​ការ​ចូលរួម​ជា​មតិ​យោបល់។ វចនានុក្រម​ខ្មែរ (សម្ដេច ជួន ណាត) បោះពុម្ព​គ្រា​ទី​៥​​ «ឲ្យ»​មិន​មែន​ជា​មេ​ពាក្យ​ទេ ពោល​គឺ​មាន​តែ​មេពាក្យ «ឱ្យ» (មើលទំព័រ ១៨៤៤)។ សូម​បញ្ជាក់​ម្ដង​ទៀត​ថា «ឲ» គ្រាន់​តែ​ជា​ការ​ភាន់​ច្រឡំ​នៅ​ពេល​បង្កើត​យូនីកូដ​សម្រាប់​ខ្មែរ ជា​អកុសល្យយើង​មាន​គ្រាប់​ចុច​សម្រាប់ «ឲ» ផង «ឱ» ផង។ ទាំង​ពីរ​នេះ​តំណាង​ឱ្យ​តួ​អក្សរ​តែ​មួយ​ប៉ុណ្ណោះ គឺ «ឱ»។ «ឲ» គ្រាន់​តែ​ជា​ការ​សរសេរ​គ្រវាស​នៃ «ឱ»។ សូមអរគុណ :)​

        ជូនចំពោះ បូណា៖ សូម​ទាក់​ទង​ខ្ញុំ​តាម​អ៊ីមែល khmerspelling@gmail.com

ឆ្លើយតប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s